វៀតណាម និងតំបន់ Primorye​ របស់រុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩​ — ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Ngo Duc Manh បានជួបពិភាក្សាការងារជាមួយអភិបាលទី១ នៃតំបន់ Primorye របស់រុស្ស៊ី លោកស្រី Vera Shcherbina ដោយពិភាក្សាអំពីវិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចរវាងតំបន់រុស្ស៊ីមួយនេះ និងក្រុមហ៊ុនអាជីវកម្មវៀតណាម។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពថា ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម – រុស្ស៊ីមានការរីកចម្រើនខ្លាំងលើគ្រប់វិស័យ។ ឯកអគ្គរដ្ឋទូត Manh បានអះអាងថា ប្រទេសរុស្ស៊ី គឺជាដៃគូដែលគួរឱ្យទុកចិត្តជាពិសេសរបស់ប្រទេសវៀតណាម នឹងបានថ្លែងអំណរគុណដល់ប្រជាជននៅតំបន់ Primorye និងប្រជាជនរុស្ស៊ីទាំងមូល ដែលបានគាំទ្រដល់ប្រទេសវៀតណាមក្នុងអំឡុងពេលនៃការរំដោះ និងការកសាងប្រទេសជាតិ។

ប្រទេសវៀតណាម និងរុស្ស៊ី បានឃើញនូវការពង្រីកដ៏រឹងមាំមួយនៅក្នុងពាណិជ្ជកម្មទ្វេភាគីរបស់ពួកគេ ជាពិសេសបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម​ និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលបានចូលជាធរមានកាលពីខែតុលា ឆ្នាំ ២០១៦។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបាននិយាយថា មានចំណុចសំខាន់ៗទៀតសម្រាប់ពួកគេក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម។

អ្នកការទូតវៀតណាមរូបនេះបានចង្អុលបង្ហាញថា តម្លៃពាណិជ្ជកម្មជាមួយតំបន់ Primorye នៅមានកម្រិតនៅឡើយ ហើយក្រុមហ៊ុនជាច្រើនមកពីប្រទេសវៀតណាមបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគទៅលើវិស័យឧស្សាហកម្មផលិតនាវា ការធ្វើអាជីវកម្មរ៉ែ ការធ្វើអាជីវកម្មឈើ ការកែច្នៃទឹកដោះគោ កសិកម្ម ឧស្សាហកម្មកែច្នៃ និងទូរគមនាគមន៍ នៅក្នុងតំបន់ Primorye ។

លោកបានស្នើដល់តំបន់ Primorye ឱ្យផ្តល់ព័ត៌មានអំពីសក្តានុពល និងគោលនយោបាយអនុគ្រោះក្នុងស្រុកសម្រាប់វិនិយោគិនវៀតណាម ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលករវៀតណាមទៅធ្វើការនៅក្នុងតំបន់នោះ។

សម្រាប់លោកស្រី Shcherbina បានសង្កត់ធ្ងន់លើទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយប្រទេសវៀតណាមក្នុងវិស័យអប់រំទេសចរណ៍ និងវប្បធម៌នាពេលកន្លងមក។ ភាគីទាំងពីរកំពុងស្វែងរកលទ្ធភាពបើកផ្លូវអាកាសដោយផ្ទាល់រវាងប្រទេសវៀតណាម និងតំបន់ Primorye ។

លោកស្រីបានផ្តល់អនុសាសន៍ ឱ្យភាគីទាំងពីរពិភាក្សាគ្នាទៅលើការអនុវត្តគម្រោងនានាក្នុងវិស័យ  ថាមពល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម-កសិកម្ម បច្ចេកវិទ្យា-ផលិតកម្ម និងព្រៃឈើមណ្ឌលព័ត៌មាន – ទូរគមនាគមន៍ នៅក្នុងវេទិកាសេដ្ឋកិច្ចខាងកើត ដែលគ្រោងនឹងធ្វើនៅទីក្រុង Vladivostok ក្នុងខែកញ្ញាខាងមុខនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)