បក្សគុម្មុនីស្តវៀតណាមស្នើសភាកម្ពុជាគំាទ្រកិច្ចសហការទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ វ៉ាង ភក្តី ២៩ ០៧ ២០១៩៖

 បក្សគុម្មុនីស្តវៀតណាម ស្នើសភាកម្ពុជាឲ្យជួយគំាទ្រលើកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ ដើម្បីកសាងភាពរីកចម្រើនទំាងសងខាង ខណៈរដ្ឋាភិបាលប្រទេសទាំងពីរចាត់ទុកគ្នាជាអ្នកភូមិផងល្អ ដែលមានមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យស្អិតរមួត និងយូអង្វែង។
ថ្លែងទៅកាន់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសចូល ជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី២៩ ខែកក្កដានេះ លោកជំទាវ ង្វៀន ធីឡិ (Nguyen Thi Le) អនុលេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបញ្ជាក់ថា ទីក្រុងហូជីមិញ បានត្រៀមលក្ខណៈសម្បត្តិគ្រប់ពេលវេលាក្នុងការចែករំលែកបទពិសោធន៍ដល់រាជធានីភ្នំពេញ នៅក្នុងដំណាក់កាលដែលកម្ពុជាកំពុងមានការអភិវឌ្ឍ។ នេះបើយើងតាមការបញ្ជាក់របស់ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទការល័យសម្តេចពញាចក្រី ហេង សំរិន ដែលបានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួប។
អនុលេខាបក្សគុម្មុនីស្តវៀតណាមរូបនេះ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ក្រុមខ្លួននៅកម្ពុជាក្នុងពេលនេះ គឺក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យរឹងមាំរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ ដោយក្នុងដំណើរទស្សនកិច្ចនេះ មានការជួបពិភាក្សាជាមួយ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីជជែកពិភាក្សាលើគម្រោងកិច្ចសហប្រតិបត្តិមួយចំនួន នៅក្នុងនោះ ក៏មានការជំរុញឲ្យដំណើរកាន់តែប្រសើរឡើងនៃមន្ទីរពេទ្យចារៃភ្នំពេញ។ លោកជំទាវ បានអបអរសាទរពីការអភិវឌ្ឍរបស់កម្ពុជា នៅក្រោមម្លប់ព្រះករុណាព្រះមហាក្សត្រ និងការដឹកនាំស្ថាប័នសភា និងរាជរដ្ឋាភិបាល។
សម្តេចពញាចក្រី ហេង សំរិន បានបង្ហាញការគំាទ្រចំពោះកិច្ចសហប្រតិបត្តិការគ្រប់វិស័យយ៉ាងស្អិតរមួតរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។ សម្តេចពញាចក្រី មានប្រសាសន៍ថា ការរីកចម្រើនយ៉ាងខ្លំាងរបស់ទីក្រុងហូជីមិញ នឹងជួយដល់ការរីកចម្រើនរបស់រាជធានីភ្នំពេញផងដែរ។ សម្តេចពញាចក្រី ជឿជាក់ថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធទំាងក្នុងក្របខ័ណ្ឌបក្ស រដ្ឋ និងរដ្ឋបាលនៃប្រទេសទាំងពីរ នឹងជំរុញដល់ការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ដើម្បីវឌ្ឍនភាព រីកចម្រើនទំាងសងខាង៕