ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនថ្កោលទោសការគាបសង្កត់របស់អាមេរិកលើអង្គការពាណិជ្ជកម្មពិភពលោក

ចិន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃចន្ទនេះថា ការគម្រាមរបស់សហរដ្ឋអាមេរិក ដើម្បីដកឋានៈ “ប្រជាជាតិកំពុងអភិវឌ្ឍន៍” ពីប្រទេសចិន នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក  គឺជាយុទ្ធវិធីដាក់សម្ពាធ មុនពេលមានការពិភាក្សាពាណិជ្ជកម្មរវាងអាមេរិក និងប្រទេសចិននៅក្នុងសប្តាហ៍នេះ  ហើយយុទ្ធវិធីនោះនឹងត្រូវបរាជ័យ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសចិន បានធ្វើប្រតិកម្មបែបនេះ  បន្ទាប់ពីប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានចេញសេចក្តីថ្លែងការណ៍មួយកាលពិថ្ងៃសុក្រកន្លងទៅ ផ្ញើទៅតំណាងពាណិជ្ជកម្មអាមេរិក លោក រ៉ប់បឺដ ឡាយធីហ្សឺ ។

សេចក្តីថ្លែងការណ៍នោះ បាននិយាយថា  អង្គការពាណិជ្ជកម្មពិភពលោក ដែលជាអង្គការប្រតិបត្តិនូវវិធានច្បាប់នានាទាក់ទងនឹងការធ្វើពាណិជ្ជកម្មលើពិភពលោក និងដោះស្រាយទំនាស់ពាណិជ្ជកម្ម  បានប្រើនូវវាក្យសព្ទហួសសម័យកាលក្នុងការបែងចែករវាងប្រទេសណាជាប្រទេសអភិវឌ្ឍន៍ និងប្រទេសណាជាប្រទេសកំពុងអភិវឌ្ឍន៍  ហើយការប្រើវាក្យសព្ទហួសសម័យកាលនេះ បានធ្វើឲ្យប្រទេសជាសមាជិកខ្លះ ទទួលបានអត្ថប្រយោជន៍តាមវិធីមិនត្រឹមត្រូវ ។​

​អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (២៩.០៧.១៩)