សម្តេចតេជោ ហ៊ុន សែនអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋាន «មរតកតេជោ»

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​ លោក​ អ៊ូ​ កាណែល​៖
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត។


ក្រៅពីការពិនិត្យ និងជួបសំណេះសំណាលជា មួយថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាកា រិនីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏អញ្ជើញជាអធិបតីដំឡើងថាសកៅអីបេតុងចុងក្រោយ ដែលជានិមិត្តរូប នៃការលេចចេញជារូបរាងកីឡដ្ឋានធំនេះផងដែរ។


ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានរាយការណ៍ជូនសម្តេចតេជោថា ការដំឡើងថាសកៅអីបេតុងចុងក្រោយជានិមិត្តរូប នៃការលេចចេញជារូបរាងរបស់កីឡដ្ឋានធំ ដែលនឹងបង្ហាញឲ្យឃើញកាន់ តែអស្ចារ្យនូវពហុកីឡដ្ឋានជាតិមរកតតេជោ សម្រាប់ទទួលការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង ហើយនេះគឺជាសមិទ្ធផលប្រវត្តិសាស្ដ្រ ដែលកើតឡើងក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។


សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពហុកីឡដ្ឋាននេះ មានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។ ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ឡើងដោយឈរលើទស្សនទានបៃតង «Green Sport» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយ ជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក… ហើយក៏មានការកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់ កន្លែង។


ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងចំណា យថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ២០០ លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានជាតិ ដ៏ទំនើបមួយរបស់កម្ពុជា ដែលសាងសង់ឡើង ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣។


បច្ចុប្បន្នការសាងសង់ពហុកីឡដ្ឋាននេះ ស្ថិតក្នុងដំណើការសាងសង់ដំណាក់កាលទី២ គឺការ សាងសង់ពហុកីឡដ្ឋានធំ ប្រើសម្រាប់ជាទីលានប្រកួតបាល់ទាត់ កីឡាបាល់ឱប និងកីឡាអត្ត ពលកម្ម។ ពហុកីឡដ្ឋាននេះសាងសង់ឡើងលើផ្ទៃដីទំហំជាង ១៦ហិកតា អាចផ្ទុកអ្នកទស្សនាបានរហូតដល់ទៅ ៦ម៉ឺននាក់។
ក្នុងពហុកីឡដ្ឋានធំនេះ ក៏មានសណ្ឋាគារចំនួន ៣៤បន្ទប់, ហាងលក់ទំនិញសម្លៀកបំពាក់កីឡា ឧបករណ៍ សម្ភារៈកីឡាគ្រប់ប្រភេទ និងផលិតផលផ្សេងៗ, មានបំពាក់កន្លែងកម្សាន្តរបស់កុមា រ, មានសាលហាត់កីឡាមួយចំនួនក្រោមអគារធំ ហើយលក្ខណៈពិសេសនោះរបស់កីឡដ្ឋានធំនេះ គឺមានច្រកសុវត្ថិភាពច្រើន ដែលអាចរំដោះមនុ ស្ស ៦ម៉ឺននាក់ក្នុងរយៈពេលតែ ៧នាទីប៉ុណ្ណោះ។
ការសាងសង់ដំណាក់កាលទី២ ក៏ជិតនឹងបញ្ច ប់ហើយផងដែរ ដោយគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២០។
ដោយឡែកការសាងសង់ដំណាក់កាលទី១ រួម មានមណ្ឌលកីឡាហែលទឹកអន្ដរជាតិ, មណ្ឌល កីឡាក្នុងសាល, អគារស្នាក់នៅកីឡា, តារាងបាល់ទាត់សម្រាប់កម្ដៅសាច់ដុំ, តារាបាល់ទះ, តារាងបាល់បោះ, តារាងកីឡាវាយកូនបាល់ និងសាលហាត់កីឡាប្រយុទ្ធ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ តាំងពីខែមេសា ឆ្នាំ២០១៧។ រីឯដំណា ក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងចាប់ផ្ដើមសាងសង់ ក្រោយបញ្ចប់ការសាងសង់កីឡដ្ឋានធំ ឬ Main Stadium។


សូមរម្លឹកឲ្យដឹងផងដែរថា ពហុកីឡដ្ឋានធំ ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបាននិងកំពុងសាងសង់នេះបានបញ្ចប់គ្រឿងបង្គុំសំខាន់ៗកាលពីថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០១៩កន្លងមក។  ។ ឯលទ្ធផល ការសាងសង់សម្រេចបានលទ្ធផលជារួមប្រមាណជាង ៥០%។ ប៉ុន្ដែសម្ភារៈបរិក្ខាសំណង់ សម្រាប់បម្រើការងារសាងសង់គ្រឿងបង្គុំរួម គឺបាននាំចូលមកដល់ការដ្ឋាន ១០០%  ។


ឯកឧត្តមបណ្ឌិតថោងខុន បានគូសបញ្ជាក់ឲ្យដឹងទៀតថា ក្នុងការសាងសង់កីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះដែរ បានប្រើកម្លាំងពលកម្មសរុបជាង ៨០០នាក់ ក្នុងនោះមានក្រុមការងារជំនាញភាគីចិនប្រមាណ ៥៤០នាក់ និងកម្លាំងពលកម្មក្នុងស្រុកប្រមាណ ៣០០នាក់ ។ ផ្អែកលើផែនការការងារ បន្ទាប់ពីបញ្ចប់ការលើកដាក់ថាសកៅអីបេតុងចប់សព្វគ្រប់ហើយនេះ នៅខែសីហា គ្រឿ ងបង្គុំធ្នឹមកោងផ្នែងប៉មរាងបាតដៃ ដែលបញ្ជាក់ពីអត្តសញ្ញាណជាតិ ការគោរព និង រឹតចំណងមិត្តភាព សាមគ្គី ក៏នឹងត្រូវសាងសង់រួចរាល់ផងដែរ ។
ឯ.ឧបណ្ឌិត ថោង ខុន បានចាត់ទុកនេះ គឺជាមហាសមិទ្ធិផលដ៏អស្ចារ្យក្នុងសម័យទំនើប និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយឯ.ឧសង្កត់ធ្ងន់ថា កម្ពុជាបាននិងកំពុងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ៕