អាជ្ញាធរក្រុងស្ទឹងត្រែងចាប់ផ្តើម ស្ថាបនាផ្លូវបេតុងនៅជុំវិញសួនច្បារត្រីប៉ាសេអ៊ី

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ៖

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរក្នុងក្រុងស្ទឹងត្រែង ស្ថាបនាផ្លូវបេតុងនៅជុំវិញសួនច្បារត្រីប៉ាសេអ៊ីដើម្បីរឱ្យទីតាំងមួយនេះកាន់តែមានសោភណ្ឌភាពនៅក្នុងខេត្ត សម្រាប់ដាក់បញ្ចូលទៅក្នុងសូចនាករនិមួយៗបង្កើនពិន្ទុរឱ្យបានកាន់តែច្រើន ឈានទៅកួតប្រជែងទីក្រុងស្អាត ទទួលបានចំណាត់ថ្នាក់ល្អ។


លោក សាយ កុសលអភិបាលក្រុង បានបញ្ជាក់ថា៖អាជ្ញាធរក្រុងមានបំណងរៀបចំទីក្រុងឱ្យកាន់តែមានសោភណ្ឌភាពដើម្បីត្រៀមលក្ខណៈប្រគួតប្រជែងទីក្រុងស្អាតនៅឆ្នាំ២០២១ ។

លោកថា៖ផ្លូវបេតុងកំពុងស្ថាបនានេះមានប្រវែងជាង២០០ម៉ែត្រទទឹង៨ម៉ែត្រត្រូវ ចំណាយថវិការមូលនិធិសាលាក្រុងចំនួន១៩៣លានរៀល និងថវិកាបដិភាគរបស់ប្រជាពលរដ្ឋជាង១៨លានរៀល។


លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា៖កាលណាផ្លូវ ស្ពាន ថ្នល់ល្អនិងភាពបៃតងនោះ គណកម្មាធិការថ្នាក់ជាតិប្រឡងប្រណាំងទីក្រុងស្អាតចាត់បញ្ចូលទៅក្នុងសូចនាករទី៦ទទួលបានពិន្ទុរបន្ថែមដើម្បីយើងបានប្រកួតប្រជែងជាមួយបណ្តាខេត្តផ្សេងៗទៀត ។
លោកបន្តថា៖ជាងនេះទៀតពេលស្ថាបនាហើយសូមឱ្យជួយថែរក្សារនិងសម្អាតបរិស្ថានទាំងអស់គ្នាទាំងនៅទីសាធារណៈ ហើយផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋក៍ត្រូវរៀបចំលំអរផងដែរ ជាពិសេសឈប់ចោលសំរាមរាយប៉ាយ។
លោកស្រី ហម លាភ ប្រជាពលរដ្ឋនៅសង្កាត់ព្រះបាទបានលើកឡើងថា៖ការចូលរួមឈប់ចោលសំរាម ជាការទទួលខុសត្រូវ និងបានចូលរួស្រឡាញ់ទីក្រុងរបស់យើង។ ម៉្យាងទៀតការផ្លាស់ប្ដូរ ផ្លូវ កៅស៊ូ ទៅជាផ្លូវបេតុង ប្រជាពលរដ្ឋស្រួលធ្វើដំណើរ ព្រមទាំងធ្វើអោយទីប្រជុំជនក្រុងស្ទឹងត្រែងកាន់តែមានសោភណ្ឌភាពស្អាត ភូមិដ្ឋានក៍ល្អ ផងដែរ។
សូមបញ្ជាក់ថា៖ផ្លូវបេតុងនេះនិងបញ្ចប់ការស្ថាបនានៅដើមខែសីហានេះ ហើយទីប្រជុំជននិងសួនច្បារត្រីប៉ាសេអ៊ីនិងកាន់តែមានសោភណ្ឌភាពទាក់ទាញភ្ញៀវទេចរមកលេងខេត្តស្ទឹងត្រែងបានច្រើននៅចុងឆ្នាំ២០១៩នេះ៕