ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិបានអៈអាងព្រមគ្នាថា គ្មានវត្តមានកងទ័ពចិនកសាងមូលដ្ឋាននៅខេត្ដព្រះសីហនុនោះទេ

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ២៧ ០៧ ១៩៖

 ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិបានអៈអាងព្រមគ្នាថាគ្មានវត្តមានកងទ័ពចិនកសាងមូលដ្ឋាននៅខេត្ដព្រះសីហនុ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មានសហរដ្ឋអាមេរិក ឡើយ។
ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិប្រមាណជាង៧០បានចុះទៅទីតំាងមូលដ្ឋានកងទ័ពជើងទឹករាមដោយផ្ទាល់កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ប៉ុន្តែពួកគេពុំបានរកឃើញ តម្រុយណាមួយបញ្ជាក់ថា កងទ័ពចិនកសាងមូលដ្ឋានទ័ពរបស់ខ្លួន នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម នាខេត្ដព្រះសីហនុនោះទេ។
ក្រុមអ្នកសារព័ត៌មានដែលបានអញ្ចើញចូលរួមត្រួតពិនិត្យនៅមូលដ្ឋានកងទ័ពជើងទឹក រាមនេះ បានធ្វើឡើងតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើជាសក្សីហើយជួយ ផ្សព្វផ្សាយជាសាធារណៈទំាងមជ្ឈជាតិនិងអន្តរជាតិបានដឹងពីការពិត ពោលគឺមិនដូចការលើ ឡើងរបស់សារព័ត៌មាន The Wall Street Journalនៅសហរដ្ឋអាមេរិកបានផ្សព្វផ្សាយថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយជាមួយកម្ពុជា ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួនអាចប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។
លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់ នៃអង្គភាពព័ត៌មាន Kyodo របស់ប្រទេសជប៉ុនដែលបានអញ្ចើញចូលរួមចុះពិនិត្យផ្ទាល់នៅមូលដ្ឋានកងទ័ពជើងទឹករាមឲ្យដឹងថា ក្រោយពីបានចុះពិនិត្យនាពេលនេះគឺគ្មានវត្តមានមូលដ្ឋានទ័ពចិន នៅទីតាំងណាមួយនៅមូលដ្ឋានកងទ័ពជើងទឹករាមនាខេត្តព្រះសីហនុនោះឡើយ។
លោកជឿកជាក់ថា ប្រទេសកម្ពុជាមិនមែនគោលដៅរបស់ចិនដាក់កងទ័ពនោះទេ ពីព្រោះគឺជាច្រកមួយតូចណាស់ ហើយចង្អៀត ដែលគ្មានផលប្រយោជន៍អីសម្រាប់ចិនដែរ។
ស្រដៀងគ្នានេះដែរលោក ឆាយ សុផល អ្នកសារព័ត៌មានជាតិ បានអៈអាងថា នៅមូលដ្ឋានកងទ័ពជើងទឹករាមមិនមានសញ្ញាណណាមួយបានបង្ហាញថាមានកងទ័ពចិន ឬជនបរទេសណាណាមួយនោះទេ គឺមានតែប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះដែលរស់នៅទីនោះ។
ឯកឧត្ដមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍ថា ក្រុមអ្នកសារព័ត៌មានជាតិនិងអន្ដរជាតិពិតជាបានយល់កាន់តែច្បាស់អំពីការ ចេតនារបស់សារព័ត៌មានសហរដ្ឋអាមេរិកផ្សព្វផ្សាយមួលបង្កាត់បង្ខូចដោយគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់ ចង់ធ្វើឲ្យអាស៊ានមានការយល់ច្រឡំមកលើកម្ពុជា។
ចំណែកឯកឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងថា កម្ពុជាមិនត្រូវការកងកម្លាំងបរទេសនៅកម្ពុជានោះទេ ដោយកម្ពុជាប្រកាន់ជំហរ និងទិសដៅមិនបង្កសង្គ្រាមជាមួយប្រទេសណាមួយ គឺកម្ពុជាបានបោះជំហ៊ានទៅរកសន្ដិភាពស្ថេរភាពទាំងក្នុងប្រទេស និងក្នុងតំបន់។
សូមបញ្ជាក់ថា សារព័ត៌មាន The Wall Street Journal បានចេញផ្សាយកាលពីពេលថ្មីៗនេះថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា ប៉ុន្តែភ្លាមៗនោះរាជរដ្ឋាភិបាលកម្ពុជាបានបំភ្លឺជាច្រើនលើកច្រើន សារហើយថា កម្ពុជាពុំបានអនុញ្ញាតឬគ្មានវត្តមានកងទ័ពចិននៅក្នុងប្រទេសកម្ពុជាឡើយ៕