ឯកឧត្ដម​ គន់ គីម ប្រជុំត្រួតពិនិត្យការងារត្រៀមបង្ការ និងសង្រ្គោះគ្រោះមហន្តរាយ នៅខេត្តបាត់ដំបង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖ ខេត្ត​បាត់ដំបង​៖ ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារត្រៀមបង្ការ និងសង្រ្គោះ គ្រោះមហន្តរាយ នៅសាលាខេត្តបាត់ដំបង​ នាព្រឹកថ្ងៃទី២៦ ខែកក្កដានេះ ឯកឧត្ដម​ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៏ថា គោលបំណងនៃកិច្ចប្រជុំនាពេលនេះ គឺយើងក្តាប់ឲ្យបានរាល់ព័ត៌មានផ្សេងៗ ពិសេសការងាគ្រប់គ្រងគ្រោះមហន្តរាយ ហើយត្រូវត្រៀមកម្លាំងអន្តរាគមន៍ ជួយសង្រ្គោះ មានសំភារ និងស្បៀនៅពេលមានគ្រោះមហន្តរាយកើតឡើងភ្លាមៗ នៅមូលដ្ឋាន​។​


​ ឯកឧត្ដម​បន្តថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធាន និងក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូពីសុខទុក្ខប្រជាពលរដ្ឋរហូតមក និងក្នុងនាមលោកជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញឲ្យមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ដែលមានលោកអភិបាលខេត្ត ជាប្រធានកិត្តិយសស្រាប់ ត្រូវបន្តយកចិត្តទុកដាក់ និងសហការគ្នាធ្វើការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់​ ។


​ ឯកឧត្ដម​ ងួន រតនៈ អភិបាលអភិបាលខេត្តបានឡើងអានរបាយការណ៍ស្វាគមន៍ ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលបានកើតឡើង រយៈពេល៦ខែ ដើមឆ្នាំ២០១៩កន្លងមក បាននិងកំពុងអនុវត្តធ្វើកិច្ចការនេះ ហើយបន្តបម្រើសង្រ្គោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។
​ សូមបញ្ជាក់ថា​ កិច្ចប្រជុំ​នោះ​ មានការចូលរួមពី​ ឯកឧត្ដម​ ងួន រតនៈ អភិបាលអភិបាលខេត្ត ឯកឧត្ដម​ ឡាំ ហេងហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ដឹកនាំកងកម្លាំងទាំង៣ប្រភេទ និងក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុងស្រុកឃុំ ថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាពនានាក្នុងខេត្ត ប្រមាណជាង៣០០នាក់៕