រាជរដ្ឋាភិបាលបានបង្ហាញពីមោទនភាពនៃសន្ទុះរីកចំរើននៃវិស័យធានារ៉ាប់រងនៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

  1. រាជរដ្ឋាភិបាលបានបង្ហាញពីមោទនភាពនៃសន្ទុះរីកចំរើននៃវិស័យធានារ៉ាប់រងនៅ កម្ពុជាដែលបានក្លាយជាសសរស្តុម្ភដ៏សំខាន់នៃការជំរុញកំណើនសេដ្ឋកិច្ចហិរញ្ញវត្ថុនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព។
    ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអៈអាងថា ក្នុងរយៈពេលជិត២០ឆ្នាំមកដល់ពេលនេះកម្ពុជាមានកំណើនក្រុមហ៊ុនធានារ៉ាប់រងទំាងអស់ចំនួន៣១ ដោយផ្តោតសំខាន់លើសេវាធានារ៉ាប់រងទូទៅ ធានារ៉ាប់រងអាយុជីវិត សុខភាព ការសិក្សា និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ របាយការណ៍បានបង្ហាញថា ការអភវិវឌ្ឍនៃវិស័យធានារ៉ាប់រងនេះ ដោយសាតែប្រជាពលរដ្ឋ មានទំនុកចិត្តនិងភាពជឿជាក់លើសមត្ថភាពប្រតិបត្តិករធានារ៉ាប់រង និងការបំពេញតួនាទីល្អ របស់និយ័តករធានារ៉ាប់រង។
    ឯកឧត្តមឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ការរីកចំរើននៃវិស័យធានារ៉ាប់រង គឺមានតួនាទីសំខាន់នឹងចាំបាច់បំផុតនៃការ លើកកម្ពស់សំណាញ់សុវត្ថិភាពសង្គមនិងសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធិភាព។
    ថ្លែងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុនធានារ៉ាប់រងប៊ីម៉ា និងផាយផេនៅព្រឹក ថ្ងៃទី២៦ ខែកក្កដានេះ លោកស្រី គឹម តុលអំ នាយិការប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងប៊ីម៉ាបានឲ្យដឹងថា ការសម្រេចបង្កើតក្រុមហ៊ុនធានារ៉ាប់រងនេះឡើង គឺដើម្បីការពារអនាគតក្រុមគ្រួសាររបស់ប្រជាពលរដ្ឋកម្ពុជា។ លោកស្រីបានអៈអាងថា ភាពជាដៃគូជាមួយផាយផេនេះ នឹងផ្តល់ភាពងាយស្រួលដល់អតិថិជនបានបង់ប្រាក់សេវាធានារ៉ាប់រងអាយុជីវិត សម្រាក់មន្ទីរពេទ្យ គ្រោះថ្នាក់បុគ្គលនិងសេវាសុខភាព តាមរយៈទូរសព្ទដៃ និងចំណេញពេលវេលា។
    យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា កាលពីឆ្នាំ២០១៨ កម្ពុជាមានបុព្វលាភធានារ៉ាប់រងដុលសរុបជាង១៩៦លានដុល្លាអាមេរិក ជាមួយសំណងធានា រ៉ាប់រងសំរាប់ហានិភ័យដែលកើតឡើងហើយក្រុមហ៊ុនធានារ៉ាប់រងបានទូទាត់ជូនអតិថិជន មានចំនួន២៦លានដុល្លាអាមេរិក។ តាមការព្យាករណ៍បានឲ្យដឹងថា ចំនួនបុព្វលាភធានារ៉ាប់ រងដុលនៅឆ្នាំ២០១៩នេះនឹងកើនដល់ជាង២៦០លានដុល្លាអាមេរិក៕