រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចមកពិនិត្យសិក្សា

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដែលស្នើឡើងដោយរាជ រដ្ឋាភិបាលមក ពិនិត្យ សិក្សាមុននឹងដាក់ជូនរដ្ឋសភាអនុម័តនៅពេលឆាប់ៗនេះដើម្បីងាយ ស្រួលគ្រប់គ្រងការលក់ឬផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ ប្រភេទនៅលើបណ្តាញទំនាក់ទំនងសង្គមឲ្យមានប្រសិទ្ធិភាព។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែកក្កដានេះបានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច គណៈកម្មាធិការជំនាញដើម្បីសិក្សាបន្ថែមរួច ហើយ ធ្វើរបាយ ការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

ឯកឧត្តម ឈាង វុន សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះ មានគោលដៅសំខាន់ក្នុងការគ្រប់គ្រងទប់ស្កាត់ នូវការលក់ដូរផលិតផលគ្រប់ប្រភេទនៅលើបណ្តាញសង្គម មានដូចជា៖ ហេ្វសបុក យូធូប គេហទំព័រជាដើម។ ម៉្យាងវិញច្បាប់នេះ បង្កើតឡើងដើម្បីប្រមូលថវិកាចូលជាតិតាមរយៈតម្រូវឲ្យអ្នកធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិចត្រូវចុះបញ្ជីនិងបង់ពន្ធចូលរដ្ឋតាមច្បាប់កំណត់។

ជាមួយគ្នានោះដែរអង្គប្រជុំក៏បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ទៅគណៈកម្មការជំនាញសិក្សា និងប្រកាសឲ្យជ្រើសតំាងសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម សម្រាប់អាណត្តិថ្មី ចំនួន ១រូប ជំនួស ឯកឧត្តម អ៊ិត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវបញ្ចប់អាណត្តិ ដោយបានប្រគល់ភារកិច្ច ដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹង និងផ្សព្វផ្សាយជាសាធារណៈ ជ្រើសរើសឥស្សរជន ដែលមានលក្ខណៈសម្បត្តិសមស្របហើយធ្វើរបាយ ការណ៍ ជូនគណៈកម្មាធិ ការអចិន្រ្តៃយ៍រដ្ឋសភា វិញ៕