ឯកឧត្ដម​ ឃួង​ ស្រេង​ ណែនាំអោយមានការថែរក្សាសន្តិសុខ អនាម័យបរិស្ថាន នៅជុំវិញបរិវេណ វិមានឈ្នះឈ្នះឲ្យបានស្អាតជាប្រចាំ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​ និង​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភំ្នពេញ​៖​ អភិបាលរាជធានីភ្នំពេញជំរុញឲ្យអាជ្ញាធរមូលដ្ឋានពង្រឹងការរៀបចំសណ្តាប់ធ្នាប់ អនាម័យ នៅជុំវិញបរិវេណ វិមានឈ្នះឈ្នះឲ្យរក្សាបានភាពស្អាតជាប្រចាំ ដើម្បីទាក់ទាញ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ទៅលេងកម្សាន្តតំបន់នោះឲ្យកាន់តែច្រើន។


ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្រ្តីជំនាញ និង អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើបញ្ហាសន្តិសុខសណ្តាប់សាធារណៈ និងបញ្ហាបរិស្ថាន អនាម័យ នៅជុំវិញវិមានឈ្នះឈ្នះ ដើម្បីប្រែក្លាយតំបន់នេះជាតំបន់ទេស ចរណ៍ប្រកបដោយភាពទាក់ទាញប្រចាំរាជធានីភ្នំពេញ។


ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានណែនាំដូច្នេះក្នុងឱកាសចុះពិនិត្យសណ្តាប់ធ្នាប់ អនាម័យនៅជុំវិញបរិវេណ វិមានឈ្នះឈ្នះនៅថ្ងៃទី២៦ ខែកក្កដា ខណៈដែរតំបន់នេះកំពុង មាន កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្តនៅក្នុងបរិវេណ វិមានឈ្នះឈ្នះ ដែលមានការកើនឡើងជាបន្តបន្ទាប់មិនចេះដាច់ទំាងថ្ងៃឈប់សម្រាក់និងថ្ងៃធម្មតា។


ឯកឧត្តម ឃួង ស្រេងបានបន្តថា សំណុចសំខាន់មួយ ដែលអាជ្ញាធរ និងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ជាពិសេសនោះគឺ ត្រូវដាំកូនឈើជួសឡើងវិញទាំងអស់ ចំពោះដើមឈើដែលបានងាប់ទៅ ព្រោះថាបរិស្ថាន និងទេសភាពធម្មជាតិ គឺជាចំណុចនៃការទាក់ទាញមួយបន្ថែមទៀត បន្ទាប់ពីគេបានទស្សនា និងស្វែងយល់ពីវិមានប្រវត្តិសាស្រ្តដែលបង្ហាញពីនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមបានអៈអាងថា វិមានឈ្នះឈ្នះជាតំបន់សក្កដានុពលទេសចរណ៍ថ្មីរបស់រាជ ធានីភ្នំពេញដែលជាទីចាប់អារម្មណ៍របស់អ្នកទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត សិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្រ្តខ្មែរ ក្រៅពីនេះ តំបន់នេះក៏នឹងទទួលបដិសណ្ឋារកិច្ច ចំពោះវត្តមានម្រមុខដឹកនាំប្រទេស ថ្នាក់ដឹកនាំកំពូលៗនៃបណ្តាប្រទេសជាមិត្ត មកបំពេញទស្សនកិច្ច សិក្សាស្វែងយល់ពីកម្ពុជាផងដែរ។ ដូច្នេះនៅជុំវិញបរិវេណវិមានឈ្នះឈ្នះ ក៏ដូចជានៅជុំវិញតំបន់នេះ ត្រូវតែធានាបានយ៉ាងល្អបំផុត ទាំងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និង អនាម័យជាប់ជាប្រចាំ។
សូបបញ្ជាក់ថា វិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ត្រូវបានសាងសង់ឡើងស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ លើផ្ទៃដីជាង៨ហិចតា ដោយត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
វិមានឈ្នះឈ្នះនេះគឺជានិមិត្តរូបប្រវត្តិសាស្រ្តដ៏សំខាន់ដើម្បីទុកជាមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយបានដឹងពីស្នាដៃរបស់សម្តេចតេជោហ៊ុនសែនដែលបានបង្រួបបង្រួមជាតិ និងបានបញ្ចប់សង្គ្រាមដោយជោគជ័យបានទាំងស្រុងក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាឆ្នាំ១៩៩៨ ហើយនាំអោយប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយសម្បូរ សប្បាយរហូតមកដល់សព្វថ្ងៃនេះ៕