កម្ពុជាកំពុងបន្តដំណើរឆ្ពោះទៅរកចក្ខុវិស័យ ជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អាត​ ចន្ធូ​៖

កម្ពុជាកំពុងបន្តដំណើរឆ្ពោះ ទៅរកចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ខណៈដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជា កំពុងសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងក្នុងឱកាស ទទួលជួបជាមួយ ឯកឧត្តម ហ្គីលបឺត ហុងបូ (Gilbert F. Houngbo) ប្រធានមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា ( IFAD) បានឲ្យដឹងថា កម្ពុជាកំពុងបន្តដំណើរឆ្ពោះ ទៅរកចក្ខុវិស័យ ដើម្បីក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ខាងមុននេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានឲ្យដឹងទៀតថា នៅឆ្នាំ២០៣០ ត្រូវបានកំណត់យកជាឆ្នាំគោល ដែលត្រូវសម្រេចឲ្យបាននូវលទ្ធផលជាសារវ័ន្ធ នៃកំណែទម្រង់សំខាន់ៗ និងការប្រែក្លាយខ្លួន ទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។
ឯកឧត្តម បានបង្ហាញអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលកំពុងសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ដែលសេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាអាច សម្រេចបានកំណើនខ្ពស់រហូតដល់ ៧.៥% ក្នុងឆ្នាំ ២០១៨ និងតាមការព្យាករណ៍កំណើនសេដ្ឋកិច្ចនេះ នឹងអាចនៅតែសម្រេចបានប្រមាណ៧ភាគរយក្នុងឆ្នាំ២០១៩។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ IFAD ចំពោះជំហរបន្តគាំទ្រ និងពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាល ជាពិសេស វិស័យកសិកម្ម ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាបានរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ជាកិច្ចឆ្លើយតបនៅក្នុងជំនួបនោះដែរ ឯកឧត្តម ហ្គីលបឺត ហុងបូ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវកិច្ចអភិវឌ្ឍក្នុងសន្ទុះលឿន និងប្រកបដោយផ្លែផ្កា។ ឯកឧត្តម ហ្គីលបឺត ហុងបូ ក៏បានថ្លែងអំណរគុណចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែផ្តល់កិច្ចសហការ ប្រកបដោយភាពជាម្ចាស់ ក្នុងការដឹកនាំការគ្រប់គ្រងគម្រោង ក្រោមហិរញ្ញប្បទានរបស់ IFAD នៅកម្ពុជា រហូតសម្រេច បាននូវជោគជ័យជាច្រើនកន្លងមក ជាពិសេស ក្នុងការគំាទ្ររៀបចំគម្រោង គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ដែលអាចឈានទៅចុះហត្ថលេខានៅត្រីមាសទី៤ ឆ្នាំ២០១៩ ខាងមុខនេះ។
ឯកឧត្តម ហ្គីលបឺត ហុងបូ បានបង្ហាញជំហរថា IFAD មិនត្រឹមតែបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ IFAD នឹងខិតខំថែមទៀត បំពេញតួនាទីប្រកបដោយបុរេសកម្មក្នុងការទាក់ទាញ និងកៀរគរធនធានហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍នានា សម្រាប់ចូលរួមចំណែកអភិវឌ្ឍនៅកម្ពុជា ។