ឯកឧត្តមនាយឧត្តមសេនីយ៏ គន់ គីម ជំរុញឲ្យអាជ្ញាធរខេត្តពោធិ៍សាត់ ផ្សព្វផ្សាយ និង ត្រៀមទុកជាមុន លើបញ្ហាគ្រោះមហន្តរាយ

វិទ្យុជាតិកម្ពុជា ៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​ លោក​ ចន​ ណារិទ្ធ​៖

ឯកឧត្តមនាយឧត្តមសេនីយ៏ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេសសជាអនុប្រធានទី១គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និង មន្រ្ដីពាក់ព័ន្ធធ្វើរបាយការណ៍ពីផលប៉ះពាល់ និងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានច្បាស់ ដើម្បីងាយស្រួលក្រសួងស្ថាប័នជំនាញចាត់វិធានការជួយសង្គ្រោះ ជាពិសេស ត្រូវតាមដានជាប់ជាប្រចាំនូវស្ថានភាពគ្រោះមហន្តរាយធម្មជាតិ ហើយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ និងត្រៀមលក្ខណៈជាមុន ការការពារទឹកជំនន់ បញ្ហាសុខភាព និងគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។


ការណែនាំរបស់ឯកឧត្តម ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការងារ គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ និងផ្សព្វផ្សាយ វិធានការ ត្រៀមបង្ការ និងការឆ្លើយតប ពេលមានគ្រោះមហន្តរាយកើតឡើង កាលពីថ្ងៃទី២៥ខែកក្តដាឆ្នាំ២០១៩នៅសាលាខេត្តពោធិ៍សាត់។


តាមរបាយការណ៍របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអោយដឹងថាក្រោយពេលដែលរាជរដ្ឋាភិបាលបានកសាងទំនប់ទី៣ និងទី៥រួចមកអាចកាត់បន្ថយជំនន់ទឹកស្ទឹងបានមួយកំរិត ដោយឡែកគ្រោះរាំងស្ងួតបានបង្ករឲ្យប៉ះពាល់ជាង៤៦ពាន់ហិកតា តែដោយមានការចាត់តាំងសង្គ្រោះបន្ទាន់ និងថ្មីៗនេះមានភ្លៀងធ្លាក់ផងនោះទើបមិនបណ្តាលអោយមានការខូចខាតនោះទេ។
ដោយឡែក បញ្ហាខ្យល់កន្រ្តាក់វិញ ក្នុងឆ្នាំ២០១៩នេះក្រុងស្រុកចំនួន៣ជួបប្រទះនូវខ្យល់កន្រ្តាក់១២លើក ប៉ះពាល់ ១១៨គ្រួសារ ស្មើនឹង១១៨ខ្នងផ្ទះ និងសាលារៀនចំនួន០៤បន្ទប់។