ប្រធានាធិបតីទុយនីស៊ីបានទទួលមរណភាពនៅអាយុ ៩២ឆ្នាំ​ ប្រធានសភាដឹកនាំបណ្តោះអាសន្ន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ — ប្រធានាធិបតីទុយនីស៊ីលោក Beji Caid Essebii បានទទួលមរណៈភាព​កាលពីថ្ងៃ​ព្រហស្បតិ៍​នៅអាយុ៩២ ឆ្នាំ នៅឯមន្ទីរពេទ្យយោធាមួយក្នុងរដ្ឋធានីទុយនីស។

សេចក្តីថ្លែងការណ៍បាននិយាយថា ប្រធានាធិបតីទុយនីស៊ីបានទទួលមរណៈភាព​នៅ​វេលាម៉ោង ១០និង២៥នាទីព្រឹក ​ម៉ោងក្នុង​ស្រុក (ម៉ោង ៩ និង២៥នាទី) ហើយពិធីបុណ្យសពនឹង​ត្រូវប្រកាសនៅពេលក្រោយ។

ការស្លាប់របស់គាត់ស្របពេលជាមួយខួបលើកទី៦២ នៃសេចក្តីប្រកាសរបស់​សាធារណៈរដ្ឋ​​ទុយនីស៊ី។ បន្ទាប់ពីការស្លាប់របស់លោកប្រធានាធិបតី ប្រធានសភាលោក Mohamed Ennaceur បានប្រកាសថា លោកនឹងធ្វើជាប្រធានាធិបតីទុយនីស៊ីជាបណ្តោះអាសន្ន។

លោកបាននិយាយទៅកាន់អ្នកយកព័ត៌មាននៅក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយថា ប្រទេសនេះនឹងនៅតែឈររឹងមាំដដែល។ ក្នុងអំឡុងពេលនៃតំណែងប្រធានបណ្តោះអាសន្នជាប្រធានាធិបតីថ្មីមួយ នឹងត្រូវបាន​ជាប់​ឆ្នោតសម្រាប់អាណត្តិប្រធានាធិបតីពេញលេញ។

អាជ្ញាធរជាន់ខ្ពស់សម្រាប់ការបោះឆ្នោត(ISIE)នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅ​រសៀល​​ថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាពីវិធានការនានា បន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី។

លោក Nabil Baffoun ប្រធាន ISIE មិនបានបដិសេធនូវលទ្ធភាពនៃការផ្លាស់ប្តូរ​កាល​បរិច្ឆេទ​នៃការបោះឆ្នោតប្រធានាធិបតី ដែលបានកំណត់ពេលនៅក្នុងខែវិច្ឆិកានោះទេ។

លោក Essebsi បានកើតនៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ១៩២៦ នៅ Sidi Bou Said នៅតំបន់​ជាយក្រុងភាគខាងជើងនៃរដ្ឋធានី។ លោករៀនច្បាប់នៅទីក្រុងប៉ារីសរហូតដល់ឆ្នាំ ១៩៥០ ហើយ​ពីរឆ្នាំក្រោយមក លោកបានក្លាយជាមេធាវីម្នាក់នៅប្រទេសកំណើតរបស់លោក។

ការចូលរួមដំបូងរបស់លោកនៅក្នុងនយោបាយតាំងពីឆ្នាំ១៩៤១​ នៅពេលលោកបាន​ចូលរួមជាមួយគណបក្ស Neo Destour ដែលជាគណបក្សនយោបាយទុយនីស៊ី​ដែលត្រូវ​បាន​បង្កើតឡើងដោយក្រុមអ្នកនយោបាយជាតិនិយមទុយនីស៊ីអំឡុងពេលអាណានិគមបារាំង។

បន្ទាប់ពីបានឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ ១៩៥៦​លោកបានចាប់ផ្តើមអនុវត្តន៍ទំនួល​ខុសត្រូវខ្ពស់ខាងនយោបាយ។ លោកបានចូលកាន់តំណែងជាប្រធានាធិបតី​ទុយនីស៊ីក្រោយ​​​ពីបានឈ្នះការបោះឆ្នោតឆ្នាំ ២០១៤៕

(ប្រធានសភាទុយនីស៊ីលោក Mohamed Ennaceur បានស្បថក្នុងពិធីបុណ្យ​សព​ធ្វើជាប្រធានាធិបតី​

បណ្តោះអាសន្ននៃប្រទេសទុយនីស៊ី នៅទីក្រុងទុយនីស នាថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០១៩)

(ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល)