សហរដ្ឋអាមេរិករៀបចំសន្និសីទពិភាក្សាអំពីការគ្រប់គ្រងជម្លោះនៅសមុទ្រខាងកើត

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី២៤ ខែកក្កដា សន្និសីទប្រចាំឆ្នាំលើកទី៩ ស្តីពីសមុទ្រខាងកើត CSIS បានប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដោយផ្តោតទៅលើបញ្ហាប្រឈមនានា ក្នុងការគ្រប់គ្រងជម្លោះនៅសមុទ្រ និងផលប្រយោជន៍អន្ដរជាតិទាក់ទងនឹងសមុទ្រ។

ព្រឹត្តិការណ៍ដែលមានរយៈពេលមួយថ្ងៃនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលសម្រាប់ការសិក្សាយុទ្ធសាស្រ្ត និងអន្តរជាតិ (CSIS) ដែលរៀបចំឡើងដោយកម្មវិធីអាស៊ីអាគ្នេយ៍ CSIS និងគម្រោងគំនិតផ្តួចផ្តើមតម្លាភាពដែនសមុទ្រអាស៊ី ដោយបានទាក់ទាញអ្នកជំនាញ និងអ្នកប្រាជ្ញជាច្រើនមកពីវិទ្យាស្ថានស្រាវជ្រាវរបស់សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី ហ្វីលីពីន អូស្ត្រាលី ចិន ម៉ាឡេស៊ី និងវៀតណាម។

អ្នកចូលរួមបានសម្តែងការព្រួយបារម្ភអំពីការវិវឌ្ឍនាពេលថ្មីៗនេះនៅសមុទ្រខាងកើត និងហានិភ័យនៃជម្លោះដែលបង្កឡើងដោយឧបទ្ទវហេតុរវាងភាគីវិវាទ ហើយបានព្រមានដល់បណ្ដាប្រទេសដែលពាក់ព័ន្ធឱ្យផ្តល់សារច្បាស់លាស់ និងការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនក្នុងការទប់ស្កាត់ជម្លោះនៅសមុទ្រ។

ព្រឹត្តិការណ៍នេះបានពិភាក្សាអំពីកិច្ចប្រឹងប្រែងខាងផ្នែកច្បាប់ដើម្បីដោះស្រាយជម្លោះ និងលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត ដោយសង្កត់ធ្ងន់ថា ភាពខុសគ្នាក្នុងភូមិភាគគួរតែត្រូវដោះស្រាយដោយបណ្តាប្រទេសនៅអាស៊ានដោយខ្លួនឯងឱ្យស្របតាមក្រមសីលធម៌នៅសមុទ្រខាងកើត (COC) និងវិធានការកសាងទំនុកចិត្តនានា។

យោងតាមលោក Prashanth Parameswaran មកពីទស្សនាវដ្តី Diplomat បានឱ្យដឹងថា ការកសាងជំនឿទុកចិត្តក្នុងចំណោមបណ្តាប្រទេសមានជម្លោះនៅសមុទ្រខាងកើត គឺមានសារៈសំខាន់ខ្លាំងណាស់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)