ទីក្រុងសេអ៊ូលបានប្រើប្រាស់កិច្ចប្រជុំអាស៊ានសម្រាប់ការទូត ដើម្បីបញ្ច្រាសការនាំចេញរបស់ប្រទេសជប៉ុន

AKP ភ្នំពេញ  ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ — មន្រ្តីក្រសួងការបរទេសនៅទីនោះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី Kang Kyung-wha រដ្ឋមន្ត្រីក្រសួងការបរទេសនឹងប្រើប្រាស់កិច្ចពិភាក្សា​ពហុភាគីនៅប្រទេស​ថៃ​​នា​សប្តាហ៍​​ក្រោយនេះ ក្នុងការបង្កើនការទូតដើម្បីបញ្ច្រាសវិធានការគ្រប់គ្រងការនាំចេញថ្មី របស់ជប៉ុនប្រឆាំងនឹងកូរ៉េខាងត្បូង។

លោកស្រី កាង គ្រោងនឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំ ដែលមានសមាជិកចំនួន ១០​ប្រទេស ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកកចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍។

ការចូលរួមរបស់លោកស្រី នៅក្នុងកិច្ចប្រជុំនេះ បានធ្វើឡើងចំពេលមានភាពតានតឹង​ផ្នែកការទូតដែលបង្កឡើងដោយការដាក់កំហិតកាន់តែតឹងរ៉ឹងរបស់ជប៉ុន លើការនាំចេញទៅ​កូរ៉េខាងត្បូងនូវសម្ភារៈបច្ចេកវិទ្យាខ្ពស់ចំនួនបី ដែលមានសារៈសំខាន់សម្រាប់ផលិតឧបករណ៍​អេឡិចត្រូនិក និងអេក្រង់។

មន្ត្រីរូបនេះ បានប្រាប់អ្នកកាសែតក្នុងលក្ខខណ្ឌអនាមិកថា នៅក្នុងកិច្ចប្រជុំនេះ នឹង​សង្កត់​ធ្ងន់លើ   សារៈសំខាន់នៃបរិយាកាសពាណិជ្ជកម្មសេរី និងយុត្តិធម៌ ហើយអំពាវនាវឱ្យ​ប្រទេស​ជប៉ុន​ដកវិធានការរឹតត្បិតការនាំចេញដោយមិនត្រឹមត្រូវនៅតាមឱកាសជាច្រើន។

នៅថ្ងៃទី០១ ខែសីហា លោកស្រី កាង នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកូរ៉េខាង​ត្បូង-អាស៊ាន។ នៅថ្ងៃបន្ទាប់ លោកស្រីនឹងចូលរួមកិច្ចប្រជុំអាស៊ានបូក៣​ដែលរួមមានកូរ៉េ​ខាងត្បូង ចិន និងជប៉ុន។ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF) ។ នៅថ្ងៃទី៣ ខែសីហា លោកស្រីនឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង- មេគង្គ។

មន្ត្រីរូបនេះបាននិយាយទៀតថា កូរ៉េខាងត្បូងនឹងខិតខំប្រមូលផ្តុំកិច្ចគាំទ្រពីកិច្ចប្រជុំធំៗ​​ទាំង៥នេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃបណ្តាប្រទេសនៅក្នុងតំបន់​ដែលប្រកាន់យក​នូវគោលការណ៍ពាណិជ្ជកម្មសេរី ដែលជាកត្តាជំរុញដ៏សំខាន់នៃវិបុលភាពរួមនៅក្នុងតំបន់ អាស៊ីបូព៌ា។

មន្ត្រីក្រុងសេអ៊ូលរូបនេះបាននិយាយថា ទីក្រុងសេអ៊ូលសង្ឃឹមថា នឹងឆ្លុះបញ្ចាំងពី​ជំហរ​របស់ខ្លួនប្រឆាំងនឹងការរឹតបន្តឹងការនាំចេញរបស់ជប៉ុន នៅក្នុងសេចក្តីថ្លែងការ​ជាប្រធាន​នៅឯកិច្ចប្រជុំនេះ៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)