ឯកឧត្ដម​ គួច​ ចំរេីន​ លើកទឹកចិត្តដល់វិស័យ ឯកជនទាំងក្នុង និងក្រៅប្រទេស ចូលរួមវិនិយោគលើការចិញ្ចឹមបង្គា ក្តាមថ្ម ត្រីសមុទ្រ

វិទ្យុជាតិកម្ពុជា៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​ លោក​ ចន​ ណារិទ្ធ​៖

អភិបាលខេត្តព្រះសីហនុបានលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់វិស័យ ឯកជនទាំងក្នុង នឹងក្រៅប្រទេស ចូលរួមវិនិយោគលើការចិញ្ចឹមបង្គា ក្តាមថ្ម ត្រីសមុទ្រ ដែលមានតម្លៃខ្ពស់ មានដូចជា ត្រីទឹកកែ ត្រីស្ពង់ ត្រីផ្ទក់សមុទ្រ រួមទាំងការកែឆ្នៃផលិតផលសមុទ្រប្រកបដោយគុណភាព សុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ។


ក្នុងឳកាសអញ្ជើញចូលរួមទិវាមច្ឆជាតិ ០១ កក្កដា នៅបរិវេណបឹងត្រាវ ភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ អះអាងថា ទន្ទឹមនឹងការថែរក្សាត្រីធម្មជាតិឱ្យមាននិរន្តរភាព ការអភិវឌ្ឍវារីវប្បកម្ម ត្រូវតែជំរុញឱ្យបានខ្លាំងក្លាទាំងខ្នាតតូច មធ្យម និងធំ ស្របតាមតម្រូវ ការទីផ្សារស្បៀងអាហារ និងសក្តានុពល នៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ។


ឯកឧត្តម បានបន្តថា ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន ត្រូវរួមគ្នាយកចិត្តទុក ដាក់ក្នុងការចុះ បង្ក្រាបបទល្មើស ជលផលគ្រប់ប្រភេទ ពិសេសទប់ស្កាត់ការ ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ គ្រប់ប្រភេទ ដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ មច្ឆជាតិ ការទន្ទ្រានដីព្រៃកោងកាង ជាកម្មសិទ្ធិ ការចាក់ដី លប់បឹង ពិសេសខិតខំពង្រឹងសមត្ថភាពរបស់ សហគមន៍នេសាទ ដែលបានបង្កើតឡើងរួចហើយឱ្យបានរឹងមាំប្រកបដោយភាព ម្ចាស់ការ ក្លាយជាសហគមន៍នេសាទគ្មានបទល្មើសជលផល ។


ឯកឧត្តម បានសំណូមពរឱ្យប្រជាពលរដ្ឋក្នុង សហគមន៍ចូលរួមថែរក្សា អភិរក្សធន ជលផល ឱ្យកាន់តែសម្បុរបែប ដើម្បីពង្រឹងការគ្រប់គ្រង និងការ ការពារកន្លែងអភិរក្សជលផលក្នុងកន្លែងនេសាទសហគមន៍ព្រមទាំង ថែរក្សាព្រៃលិចទឹក និងព្រៃកោងកាងឱ្យបានគង់វង្ស ដែលជាជម្រកមច្ឆជាតិពង កូន ដ៍សំខាន់។


ឯកឧត្តម គួច ចំរើន បានបន្តទៀតថា ទិវាមច្ឆជាតិ០១ កក្កដា គឺជាយុទ្ធសាស្ត្រ ដ៍សំខាន់ ដើម្បីរក្សាពូជត្រី ក្នុងស្រុកឱ្យបានគង់វង្ស ដើម្បីបន្តពូជនៅរដូវក្រោយ ៗថែមទៀត ស្របតាមអនុសាសន៍ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា។


លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ មានប្រសាសន៍ថា ទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០១៩នេះ ប្រារព្ធឡើងនៅបឹងត្រាវ ភូមិតាអោងអំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបានលែងកូនត្រីចំនួន ៥០.០០០ក្បាល និងមេត្រីពូជចំនួន ២០គីឡូក្រាម ដើម្បីអភិរក្ស ឱ្យកាន់តែសម្បូរបែបថែមទៀត៕