កូរ៉េខាជើងអះអាងថាការបាញ់សាកល្បងមីស៊ីល គឺជាសារព្រមានដល់អ្នកល្មោភសង្រ្គាម នៅកូរ៉េខាងត្បូង

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង៖


មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ការបាញ់សាកល្បង មីស៊ីលរយៈចម្ងាយខ្លីកាលពីថ្ងៃព្រហស្បតិ៍ គឺជាសារព្រមានផ្ញើជូនអ្នកល្មោភសង្រ្គាមទាំងឡាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ឱ្យបញ្ឈប់ការនាំចូលអាវុធ និង សមយុទ្ធយោធា ដែលក្រុមអ្នកវិភាគយល់ថានេះ ក៏សំដៅទៅលើអាមេរិកផងដែរ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹទៀតថា ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានគូសបញ្ជាក់ដែរថា «យើង (កូរ៉េខាងជើង) មានតែខំប្រឹងអភិវឌ្ឍប្រព័ន្ធអាវុធឱ្យកាន់តែខ្លាំងក្លាតែប៉ុណ្ណោះ ដើម្បីលុបបំបាត់ការគំរាមកំហែងមកលើសន្តិសុខជាតិនៃប្រទេសរបស់យើង ដែល(ការគំរាមកំហែង) កំពុងមានវត្តមាននៅកូរ៉េខាងត្បូង »។
បើតាមយោធាកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងព្យុងយ៉ាងបានបាញ់ សាកល្បងមីស៊ីលរយៈចម្ងាយ ៤៣០គីឡូម៉ែត្រ ចំនួន ០២ គ្រាប់ចេញពីទីក្រុងវ៉ុនសាន (Wonsan) នៃតំបន់ឆ្នេរភាគខាងកើតប្រទេសហើយធ្លាក់ចូលសមុទ្រជប៉ុន។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង គ្រោងធ្វើសមយុទ្ធយោធា រួមគ្នា នៅខែសីហាខាងមុខនេះ ព្រមទាំងការបន្តនាំចូលអាវុធអាមេរិកពីសំណាក់ទីក្រុងសេអ៊ូល ផងដែរដែលជាហេតុធ្វើឲ្យសា្ថនការណ៍កាន់តែតានតឹងនៅឧបទ្វីបកូរ៉េ៕
ប្រភព៖ភ្នាក់ងារសារព័ត៌មាន Reuters