មន្ត្រី ជំនាញ ខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទ ០១ករណីនៅស្រុក កំពង់ សៀម

វិទ្យុជាតិកម្ពុជា៖ដោយលោកហ៊ាង ចាន់ថា៖

ខេត្តកំពង់ចាម៖​ កងកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម ថ្ងៃ ទី២៥ ខែកក្កដា ឆ្នាំ ២០១៩ បានសហការ ជាមួយកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ ទ្រាន និង សហគមន៍ នេសាទអាងទឹក ជ្រោយចេកស្ថិតនៅចន្លោះ ឃុំទ្រាន និងឃុំស្រក ស្រុក កំពង់សៀមខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសជលផល ០១ករណី ដោយបំផ្លាញចោល វត្ថុតាងរួមមាន លូស្បៃមុងចំនួន ២២មាត់ របាំងស្បៃមុងប្រវែង ៦៦០ម៉ែត្របង្គោលចម្រឹងឬស្សីចំនួន ៣៥២ដើម ព្រមទាំងបានចាក់លែងត្រីចម្រុះទម្ងន់ ៣៣គីឡូក្រាមទៅក្នុងអាងទឹកជ្រោយចេក ស្ថិតនៅក្នុងឃុំទ្រាន និងឃុំស្រក ស្រុក កំពង់សៀមផងដែរ។


លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសជលផល ០១ករណីនេះធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជារពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។


លោក បានឲ្យដឹងទៀតថា ក្នុងការចុះបង្ក្រាបបទល្មើសនេសាទនេះ បើទោះបីជាមានភាពស្មុគស្មាញយ៉ាងណាក្តី កងកម្លាំងជំនាញនៅតែបន្តទប់ស្កាត់ហាមឃាត់ រាល់បទល្មើស គ្រប់រូបភាព គឺដើម្បីថែរក្សាពូជត្រីឲ្យបានច្រើន ហើយចំពោះវត្ថុតាងរួមមាន លូស្បៃមុងចំនួន ២២មាត់ របាំងស្បៃមុងប្រវែង ៦៦០ម៉ែត្របង្គោលចម្រឹងឬស្សីចំនួន ៣៥២ដើម ត្រូវបានកងកម្លាំងជំនាញ យកមក ដុតចោល នៅហ្នឹងកន្លែងភ្លាមៗ ៕