រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ នឹងបន្តគម្រោងអភិវឌ្ឍន៍ជំនាញដល់យុវជន និងយុវនារីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ — រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងតំណាង​អង្គការសហប្រជាជាតិ រួមជាមួយដៃគូពាក់ព័ន្ធបានប្រកាសបន្ដគម្រោងអភិវឌ្ឍន៍ ជំនាញដល់ យុវជន យុវនារីកម្ពុជា ក្នុងរយៈពេល៥ឆ្នាំបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព និងផ្ដល់ការងារ​ឱ្យបានសមរម្យ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារកាន់តែប្រសើរឡើង ថែម ទៀត។

ក្នុងកិច្ចប្រជុំលើកទី៤ នៃគណៈប្រឹក្សាភិបាលនៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជា ជាតិ «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» នៅការិយាល័យអង្គការ UNICEF ប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាបាន​លេចឡើងនូវកំណើនការងារលើវិស័យមួយចំនួន ដូចជា សំណង់ ទេសចរណ៍ សហគ្រិនភាព អចលនទ្រព្យ កសិឧស្សាហកម្ម ដែលទាមទារឱ្យការអនុវត្តគម្រោងថ្មីនេះ ត្រូវផ្ដោតយ៉ាង​សំខាន់ទៅលើ វិស័យទាំងនេះ សម្រាប់យុវជន។ ឯកឧត្តមរដ្ឋមបានបញ្ជាក់ថា បច្ចុប្បន្ន ស្ត្រី​មិន​សូវចាប់អារម្មណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ TVET ច្រើននៅឡើយ ដែលជា​ហេតុទាមទារឱ្យមានការលើកទឹកចិត្ត ការជួយផ្ដល់អាហារូបករណ៍ សម្រួលលក្ខខណ្ឌសិក្សា និងត្រូវផ្សព្វផ្សាយដល់ពីពួកគេឱ្យបានទូលំទូលាយ។ ឯកឧត្ដមរដ្ឋមន្រ្ដី​ក៏បានជំរុញដល់ស្ត្រី​ខ្លួនឯងក៏ត្រូវជួយលើកទឹកចិត្ត និងជួយផ្សព្វផ្សាយបន្តទៅដល់ស្រ្តីដូចគ្នាផងដែរ។

កិច្ចប្រជុំគណៈប្រឹក្សាភិបាលលើកទី៤ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងតំណាង​អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានពិភាក្សាអំពីវឌ្ឍនភាពសម្រេចបានក្នុងរយៈពេល២២ខែដំបូង បន្ទាប់ពីចាប់ផ្តើមអនុវត្តន៍គម្រោងរួមគ្នានេះ (គម្រោងនេះ មានរយៈពេល២៨ខែ សម្រាប់ជំហានទី១) ពិនិត្យ និងអនុម័តលើផែនការសកម្មភាពរបស់កម្មវិធីដែលបានធ្វើ​បច្ចុប្បន្ន​ភាព និងពិនិត្យលើវឌ្ឍនភាពនៃការកសាងកម្មវិធីសម្រាប់ជំហានទី២ (មានរយៈពេល​៥ឆ្នាំ ដែលនឹងចាប់អនុវត្តន៍ពីខែមករា ឆ្នាំ២០២០ រហូតដល់ខែធ្នូ ឆ្នាំ២០២៤) និងបានឯកភាព គ្នា​ទៅលើចំណុចសំខាន់ៗ នៃការកសាងកម្មវិធីសម្រាប់ជំហានទី២នេះ។

លោកជំទាវ Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំ ប្រទេសកម្ពុជា ដែលជាសហប្រធានក្នុងកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិរួមគ្នា ដើម្បី មុខរបរ និងការងាររបស់យុវជននៅកម្ពុជាបានស្នើឱ្យមានការបង្ហាញទិន្នន័យច្បាស់លាស់ពី ការអនុវត្តគម្រោងនាពេលកន្លងមក និងសម្រាប់ការបន្តគម្រោងដំណាក់បន្ទាប់ខាងមុខ ផង ដែរ។ លោកជំទាវក៏បានកត់សម្គាល់ឃើញថា អត្រានៃការបោះបង់ការសិក្សារបស់យុវជននៅ តាមបណ្ដាខេត្តនានា នៅតែមានចំនួនច្រើននៅឡើយ ដោយការអូសទាញឱ្យចូលរៀនជំនាញ បច្ចេក​ទេសវិជ្ជាជីវៈ ក៏នៅមានតិចតួចនៅឡើយ ដូច្នេះហើយក៏មានការស្នើឱ្យមានការផ្សព្វ ផ្សាយពីការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យបានច្រើនឡើងទៅដល់​យុវជន។ ទន្ទឹមនេះ ចំពោះកិច្ចការបន្តនៃគណៈប្រឹក្សាភិបាលបានបន្តអនុវត្តន៍សកម្មភាព ក្នុង​រយៈពេល៥ខែចុងក្រោយ នៃជំហានទី១ ដែលនឹងផ្តោតទៅលើការបន្តពង្រីកសកម្មភាពដែល​មានស្រាប់ ដូចជា ការបញ្ចូលការបណ្ដុះបណ្ដាលជំនាញបំណិនជីវិត និងកម្មវិធីអប់រំសហគ្រិន​ភាពទៅក្នុងកម្មវិធីសិក្សាទូទៅ និងគម្រោងស្ម័គ្រចិត្តនានា។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះបានចាប់ផ្តើមអនុវត្តន៍កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ជាកម្មវិធីដែលប្រមូលផ្តុំតួអង្គសំខាន់ៗពីរាជរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងយុវជន ធ្វើការរួមគ្នាដើម្បីគោលដៅរួមមួយគឺ យុវជន-យុវនារី កាន់តែទទួលបានការងារ​សមរម្យ និងការងារប្រកបដោយផលិតភាពជាងមុន។ ក្នុងពេលជាមួយគ្នានេះ កាត់បន្ថយ​បញ្ហា​​វិសមភាព ជាពិសេសសម្រាប់ក្រុមដែលបាត់បង់ឱកាស និងងាយរងគ្រោះ និងធានាថា​យុវនារី និងយុវជនមានសមត្ថភាពកាន់តែខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ​ការងារ​បានកាន់តែប្រសើរ។ សម្រាប់កិច្ចប្រជុំលើកទី៤នេះ ភាគីអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិ​បាលកម្ពុជា បានដាក់គោលដៅការងារបន្តពង្រីកគំនិតផ្តួចផ្តើមថ្មីៗទៀត ដូចជា កម្មវិធីសម​មូលអប់រំ កម្រិតមូលដា្ឋន (BEEP) រៀបចំធនធាន និងវេទិកាបន្ថែមទៀត ដើម្បីជួយសម្រួល​ឱ្យយុវជន ទទួលបានព័ត៌មាន និងទទួលបានឱកាសកាន់តែច្រើន ដូចជាតាមរយៈកម្មវិធីទូរ​ស័ព្ទ ខ្សែវីដេអូ Doctor Job និងវេទិកាស្ម័គ្រចិត្តតាមប្រព័ន្ធអនឡាញជាដើម៕

ដោយ ឡុង ស៊ីវ៉ាន់