ទ្រីយ៉ាត្លុងកម្ពុជា បង្ហាញកង្វល់ក្នុងការហ្វឹកហាត់ត្រៀមស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ — គ្រូបង្វឹកជម្រើសជាតិសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោកស្រី សូ រ៉ាន់ដេត បានបង្ហាញនូវ កង្វល់របស់ខ្លួនពីការខ្វះខាតថវិកា សម្ភារហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតនៅក្នុងព្រឹត្តិការ ណ៍កីឡា ស៊ីហ្គេមលើកទី៣០ ចុងឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ក្នុងពេលហ្វឹក ហាត់ក្រុមជម្រើសជាតិទ្រីយ៉ាត្លុង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជ ធានីភ្នំពេញ លោកស្រី សូ រ៉ាន់ដេត បានបញ្ជាក់ថា សម្រាប់កម្មវិធីហ្វឹកហាត់ត្រូវបាន​ធ្វើឡើង​ជារៀងរាល់ថ្ងៃ ដែលសហព័ន្ធជំនាញមួយនេះជួបប្រទះ នូវកង្វះខាតផ្នែកថវិកា និងសម្ភារ​ហ្វឹក ហាត់ ជាពិសេសគឺកង់ ដែលនៅក្នុងតំបន់អាស៊ាន គេមានកង់មានកម្រិត គុណភាពខ្ពស់រហូត​ដល់១ម៉ឺន ឬ២ម៉ឺនដុល្លារ ខណៈកង់សម្រាប់ការហ្វឹកហាត់ និងប្រកួតស៊ីហ្គេមរបស់កម្ពុជា មានតម្លៃត្រឹមតែជាង ១.០០០ដុល្លារ ប៉ុណ្ណោះ។ “នាងខ្ញុំសូមថ្លែងសំណរគុណដល់ប្រជា​ពល​រដ្ឋ សប្បុរសជននានា សូមមេត្តាជួយគាំទ្រប្រភេទកីឡាទ្រីយ៉ាត្លុង ដោយសារសហព័ន្ធ​មាន​កង្វះខាតច្រើន ដូចជាការហ្វឹកហាត់ ថវិកា និងសម្ភារៈសំខាន់ៗ ដោយអត្តពលិកត្រូវ​​ហ្វឹកហាត់ ដើម្បីបន្សំាខ្លួនដូចគ្នាទៅនឹងកន្លែងប្រកួតដែរ ក្នុងគោលដៅបង្កើនគុណភាពបច្ចេកទេសឱ្យ​បានល្អប្រសើរ”។ នេះគឺជាការលើកឡើងបន្ថែមរបស់លោកស្រី សូ រ៉ាន់ដេត។

លោក ចេង ចាន់ដារ៉ា គ្រូជំនួយជម្រើសជាតិទ្រីយ៉ាត្លុងបានបញ្ជាក់ដែរថា នៅពេល​កៀក​ដល់ស៊ីហ្គេម នៅប្រទេសហ្វីលីពីន ជិតចូលមកដល់មុន១ខែ ឬ២ខែទៀត ក្រុមជម្រើស​ជាតិ នឹងទៅបង្កើនការហ្វឹកហាត់បន្ថែមទៀត នៅខេត្តកែប។ លោកបន្ដថា បច្ចុប្បន្ន សហព័ន្ធ​ទ្រីយ៉ាត្លុង​កម្ពុជាបានស្នើអត្តពលិក៨នាក់ ទៅម្ចាស់ផ្ទះ ហ្វីលីពីន ដោយមានកីឡាករ៤នាក់ និងកីឡាការិនី ៤នាក់ ប៉ុន្តែនៅរង់ចាំការសម្រេចចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡាជាមុន សិន នាពេលខាងមុខ ថាតើក្រសួងអប់រំអនុញ្ញាតឱ្យទ្រីយ៉ាត្លុងកម្ពុជាទៅប៉ុន្មាននាក់។

សូមបញ្ជាក់ថា អត្តពលិកទ្រីយ៉ាត្លុងកម្ពុជាត្រូវប្រកួតលើ៣វិញ្ញាសា រួមមាន៖ វិញ្ញាសា​ជា​ក្រុមបណ្តាក់ ចម្រុះទ្រីយ៉ាត្លុង ដែលត្រូវហែលទឹក៣០០ម៉ែត្រ បូកជិះកង់ ៦.៦គីឡូម៉ែត្រ និងរត់១គីឡូម៉ែត្រ ហើយក្នុងវិញ្ញាសានេះមានកីឡាករ២នាក់ គឺនាង ពេជ្រ ពិសិដ្ឋ និងអួង លីម៉េង និងកីឡាការិនី២នាក់ទៀត ថន សុម៉ាវត្តី។ ចំពោះវិញ្ញាសា២ទៀត គឺស្តង់ដារឌូយ៉ាត្លុង​ឯកត្តជន បុរស-នារី ដែលត្រូវរត់១០គីឡូម៉ែត្រ បូកជិះកង់៤០គីឡូម៉ែត្រ និង បន្តរត់៥​គីឡូម៉ែត្រ ដោយត្រៀមដោយកីឡាករ កាង ធឿន, ជា សម្ផស្ស និងកីឡាការិនី អួន ច័ន្ទភ័ត្រ្តា និងកីឡា ការិនី ផល រតនា៕

ដោយ ហេង ណាលីន