រដ្ឋមន្រ្ដីក្រសួងការងារលើកទឹកចិត្តឲ្យស្ត្រីងាកមកសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដែលកំពុងមានតម្រូវការទីផ្សារ

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា ២៥ ០៧ ១៩៖


រដ្ឋមន្រ្ដីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកទឹកចិត្តឲ្យស្ត្រីងាកមកសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដែលងាយស្រួលស្វែងរកការងារធ្វើនិងទទួលបានប្រាក់បៀវត្សខ្ពស់។


ក្នុងកិច្ចប្រជុំលើកទី៤នៃគណៈប្រឹក្សាភិបាល កម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិស្តីពី«រួមគ្នាដើម្បីមុខរបរនិងការងាររបស់យុវជននៅកម្ពុជា» នៅការិយាល័យអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជានៅថ្ងៃទី២៥ ខែកក្កដានេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានណែនាំឲ្យស្ត្រីស្រលាញ់មុខជំនាញបច្ចេកទេសវិជ្ជាជីវៈ ហើយបញ្ឈប់ទស្សនៈថាជំនាញបច្ចេកទេសរៀនបានតែមនុស្សប្រុសឲ្យសោះ ខណៈដែលបច្ចុប្បន្នទីផ្សារការងារត្រូវការជំនាញបច្ចេកទេសជាខ្លំាង។
ការលើកឡើងរបស់ឯកឧត្តរដ្ឋមន្រ្តីនេះបានធ្វើឡើងខណៈដែលបច្ចុប្បន្នស្ត្រីមិនសូវចាប់អារម្មណ៍សិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈTVETឲ្យបានច្រើន ឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារ។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីជំរុញឲ្យស្រ្តីងាកមកចាប់អារម្មណ៍រៀនជំនាញបច្ចេក ទេសវិជ្ជាជីវៈនេះ រាជរដ្ឋាភិបាលបានផ្ដល់អាហារូបករណ៍ សម្រួលលក្ខខណ្ឌសិក្សានានាជាច្រើន។
លោកជំទាវ Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាដែលជាសហប្រធានកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិស្តីពីការ «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា បានជំរុញឱ្យមានការផ្សព្វផ្សាយពីការបណ្ដុះបណ្ដាលជំនាញ បច្ចេកទេសនិងវិជ្ជាជីវៈឱ្យបានច្រើនទៅដល់យុវជន ដោយមើលឃើញអត្រានៃការបោះបង់ការសិក្សារបស់យុវជននៅតាមបណ្ដាខេត្តនានានៅតែមានចំនួនច្រើននៅឡើយ ដើម្បីអូសទាញឱ្យពួកគេចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈនេះ៕