ឯកឧត្ដម​ ឃួង​ ស្រេង​ ធ្វើបាឋកថាពីការអភិវឌ្ឍនានាក្នុងរាជធានីភ្នំពេញនៅសាលានាយ ទាហានសកម្មត្មាតពង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​ និង​ លោក​ ចន​ ណារិទ្ធ​៖

អភិបាលរាជធានីភ្នំពេញធ្វើបាឋកថាពីការអភិវឌ្ឍនានាក្នុងរាជធានីភ្នំពេញនៅសាលានាយទាហានសកម្មត្មាតពង ដើម្បីផ្សព្វផ្សាយដល់សិក្ខាកាមនាយទាហានបានយល់ដឹងពីការអភិវឌ្ឍ រីកចំរើនថ្មីៗក្នុងរាជធានីភ្នំពេញ។


ក្នុងពិធីសំណេះសំណាលជាមួយនាយទាហាន និងនិស្សិតនាយទាហានសកម្មនិងការផ្តល់កិត្តិយសធ្វើបាឋកថា នៅសាលានាយទាហានសកម្មត្មាតពងនាព្រឹកថ្ងៃទី២៥ ខែកក្កដានេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា រាជធានី ភ្នំពេញមានការរីកចំរើនគួរអោយកត់សម្គាល់លើគ្រប់វិស័យ ហើយការរីកចំរើនគឺបានមកពីកក្តា សុខសន្តិភាពក្រោយកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមអភិបាលបានអំពាវនាវដល់សិក្ខាកាមនាយទាហានទាំងត្រូវហ៊ាននិយាយការពិតពីភាព រីកចំរើនរបស់កម្ពុជានឹងបន្តការពារស្ថាបនិកសន្តិភាពរបស់កម្ពុជាគឺសម្តេចតេជោហ៊ុនសែននាយក រដ្ឋមន្រ្តី អោយបានគង់វង្សយូរអង្វែង ដើម្បីបន្តដឹកនាំប្រទេសឱ្យកាន់តែរីកចំរើនថែមទៀត។


ឯកឧត្តម ឃួង ស្រេង បានរំលឹកពីវីរៈភាពដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខដឹកនាំកំពូល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិចេញពីភ្លើងសង្រ្គាម និងដឹកនាំកសាងប្រទេសពីបាតដៃទទេ រហូតដល់សព្វថ្ងៃនេះ មានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ។


ឯកឧត្តមបានបញ្ជាក់ថា ទន្ទឹមនឹងការរីកចំរើននេះរដ្ឋបាលរាជធានីភ្នំពេញបានបង្កើតក្រុមការងារបដិសណ្ឋារកិច្ចមួយដើម្បីបំរើប្រជាពលរដ្ឋពេលដែលពួកគាត់មានបញ្ហាត្រូវពឹងពាក់ហើយសម្រាប់នៅរដ្ឋបាលខណ្ឌទាំង១៤ គឺសុទ្ធតែមានការិយាល័យច្រកចេញចូលតែមួយ ដើម្បីបំរើសេវាឲ្យនៅកៀកជិតជាមួយប្រជាពលរដ្ឋ។


ចំណែកឯនៅថ្នាក់សង្កាត់វិញគឺមិនមានច្រកចេញចូលតែមួយនោះទេ ប៉ុន្តែបានបង្កើតក្រុមការងារបដិសណ្ឋារកិច្ចមួយដើម្បី ដោះស្រាយ ក៏ដូចជាការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដែល ក្រុមការងារនេះមានចៅរងសង្កាត់ម្នាក់ជាអ្នកប្រចាំការចាំជួបនិងដោះស្រាយ។


សូមបញ្ជាក់ថា នៅក្នុងឱកាសជួបសំណេះសំណាលនោះឯកឧត្តមឃួងស្រេងបាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់សាលានាយទាហានសកម្មត្មាតពង រួមមាន អង្ករចំនួន០៥តោនទឹកសុទ្ធចំនួ ២០កេសធំ ត្រីខ ចំនួន២០កេស ទឹកក្រូច ចំនួន ៥០កេស ស្រាបៀ ចំនួន ៣០០កេស ទឹកត្រី ចំនួន ២០០យូរ និងទឹកស៊ីអីវ ចំនួន ២០០យូរ៕