អាជ្ញាធរជាតិអប្សរាគ្រោងសាងសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរដើម្បីសម្រួលដល់ភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ២៥.កក្កដា.២០១៩៖


អាជ្ញាធរជាតិអប្សរាគ្រោងសាងសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរនាពេលអនាគត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរដែលមានបំណងជិះកង់ចូលទៅកាន់តំបន់រមណីយដ្ឋានអង្គរ។

លោក ឡុង កុសល អនុប្រធានផ្សព្វផ្សាយអាជ្ញាធរជាតិអប្សរា បានប្រាប់វិទ្យុជាតិកម្ពុជាថា ក្រុមជំនាញកំពុងសិក្សាលទ្ធភាពសាងសង់ផ្លូវសម្រាប់ជិះកង់ចូលទៅកាន់តំបន់រមណីយដ្ឋានអង្គរប្រវែងជាង២៣គីឡូម៉ែត្រ សម្រាប់បម្រើផលប្រយោជន៍ប្រជាជននៅក្នុងតំបន់ ក៏ដូចជាសិស្សានុសិស្សជិះកង់ទៅរៀន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរទៅកាន់ក្នុងរមណីយដ្ឋានអង្គរ។

លោកបន្តថា គម្រោងស្ថាបនាផ្លូវនេះ គឺដាច់ ដោយឡែកពីផ្លូវម៉ូតូ-ឡាន ជាផ្លូវទ្វេទិស មានទទឹង២ម៉ែត្រ និងមានចង្អូរផ្លូវទឹកសងខាងដើម្បីកុំឲ្យមានទឹកដក់នៅរដូវវស្សា។ ផ្លូវនេះស្ថិតនៅស្របនឹងផ្លូវធ្វើដំណើរបច្ចុប្បន្ន។ «ផែនការនេះដែរទៅថ្ងៃអនាគត រមណីយដ្ឋានអង្គរនឹងត្រូវធ្វើដំណើរដោយមធ្យោបាយមិនប៉ះពាល់ទៅដល់បរិស្ថាន ទាំងផ្សែងពុល សំឡេងរំញ័រមិនឲ្យប៉ះពាល់ដល់ប្រាំងប្រាសាទ។ ជាផែនការថ្ងៃអនាគត នៅថ្ងៃក្រោយ។ ដូច្នេះផ្លូវកង់ គឺជាសកម្មភាពមួយដែលយើងឈានទៅរក ការអនុវត្តនូវដំណើរការដឹកជញ្ជូន និងធ្វើដំណើរទៅរមណីយដ្ឋានអង្គរ ដែលគ្មានប៉ះពាល់ទៅដល់បរិស្ថាន ។

លោកបានបញ្ជាក់ទៀតថា អាជ្ញាធរជាតិអប្សរា ក៏នឹងគិតគូរ ដល់សុវត្ថិភាពត្រង់ចំណុចឆ្លងកាត់ ឬផ្លូវបំបែក ដោយដាក់របានៅផ្លូវបំបែក និងដាក់ស្លាកសញ្ញាហាមឃាត់ម៉ូតូ និងឡានឆ្លងកាត់។ លោកសង្ឃឹមថា សមិទ្ធផលថ្មីដែលនឹងកើតឡើងឆាប់ៗនេះ នឹងមាន អ្នកគាំទ្រច្រើន ហើយធ្វើឱ្យប្រជាជនក្នុងតំបន់ ក៏ដូចជាទេសចរទទួលបាននូវភាពងាយស្រួល សុវត្ថិភាព និងបង្កើតបទពិសោធន៍ល្អក្នុងការទៅទស្សនា ឬឆ្លងកាត់តំបន់រមណីយដ្ឋានអង្គរ៕