មន្រ្តីជាន់ខ្ពស់៖ អាមេរិកដឹងពីរបាយការណ៍របស់កូរ៉េខាងជើង ពីការបាញ់បង្ហោះគ្រាប់ផ្លោងរយៈចម្ងាយខ្លី

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ — មន្ត្រីអាម៉េរិកជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានដឹង​អំពីរបាយការណ៍ដែលថា កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងរយៈចម្ងាយខ្លីមួយ ដោយ​បដិសេធ​មិនធ្វើអត្ថាធិប្បាយបន្ថែមទេ។

នៅពេលមុននេះ មេបញ្ជាការបុគ្គលិករួមរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាង​ជើង​បានបាញ់គ្រាប់ផ្លោងចំនួនពីរគ្រាប់ចេញពីទីក្រុងឆ្នេរសមុទ្រ Wonsan ភាគខាងកើត​របស់​ខ្លួន​កាលពីថ្ងៃព្រហស្បតិ៍ម៉ោងនៅទីក្រុងសេអ៊ូល។ ខ្លួនបាននិយាយទៀតថា គ្រាប់ផ្លោងហោះ​បានប្រហែល ៤៣០គីឡូម៉ែត្រ និងបានធ្លាក់ចូលសមុទ្រខាងកើត។

មន្ត្រីរូបនេះបានប្រាប់ភ្នាក់ងារព័ត៌មានយ៉ុនហាប់ថា យើងបានដឹងពីសេចក្តី​រាយ​ការណ៍​អំពីការបាញ់គ្រាប់ផ្លោងរយៈចម្ងាយខ្លីនេះដែលបានបាញ់ចេញពីកូរ៉េខាងជើង។ យើងមិនមាន​យោបល់បន្ថែមទៀតទេ។
JCS របស់កូរ៉េខាងត្បូងបាននិយាយថា សម្ព័ន្ធមិត្តកំពុងស្ថិតនៅក្នុងដំណើរការ​នៃការ​កំណត់ លក្ខណៈពិតប្រាកដរបស់គ្រាប់ផ្លោងនេះ។

ការបាញ់បង្ហោះនេះបានធ្វើឡើង​ នៅពេល​ដែលទីក្រុងវ៉ាស៊ីនតោនបានព្យាយាមចាប់​ផ្តើម​កិច្ចចរចាថ្នាក់ការងារ លើការរារាំងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង​ស្របតាម​កិច្ចព្រមព្រៀងមួយរវាងលោកប្រធានាធិបតីអាម៉េរិកលោក Donald Trump និងមេដឹកនាំកូរ៉េ​ខាង​ជើងលោក គីម ជុង-អ៊ុន នៅក្នុងកិច្ចប្រជុំដ៏ភ្ញាក់ផ្អើលមួយរបស់ពួកគេនៅឯព្រំដែន​អន្តរ​កូរ៉េ កាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅ។

កាលពីពេលកន្លងទៅនេះដែរ កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីល​រយៈចម្ងាយ​ខ្លី​ កាលពីថ្ងៃទី៩ ខែឧសភា នៅពេលដែលត្រូវបានគេបាញ់រយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលក្នុង​សមុទ្រខាងកើត នៅក្នុងការបង្ហាញជាក់ស្តែងនៃការខកចិត្តចំពោះ​កិច្ចពិភាក្សាដែលបាន​ជាប់​គាំង​ជាមួយអាម៉េរិកនោះ។

កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានព្រមានថា ការបន្តកិច្ចចរចាកម្រិតការងារនឹងត្រូវ​ប៉ះពាល់​ដោយហេតុថា តើទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនបន្តធ្វើសមយុទ្ធយោធារួមគ្នា​ដែលគ្រោងសម្រាប់ខែក្រោយនោះឬយ៉ាងណា?។ កូរ៉េខាងជើងបានប្រកាសថា សមយុទ្ធនោះគឺជាការហាត់សមសម្រាប់ការលុកលុយ៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)