ក្រសួងការពារជាតិ៖ ប្រទេសចិន និងរុស្ស៊ីមិនដែលបំពានលើ ដែនអាកាស​របស់បណ្តាប្រទេសដទៃទេក្នុងអំឡុងពេលធ្វើសមយុទ្ធ 

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩​ — អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បានប្រាប់សន្និសីទសារព័ត៌មាន​មួយ​កាលពីថ្ងៃពុធថា​ យន្តហោះយោធារុស្ស៊ី និងចិនមិនបានរំលោភលើដែនអាកាសរបស់​បណ្តាប្រទេសដទៃទៀតទេ ក្នុងអំឡុងការល្បាតរួមគ្នាលើសមុទ្រជប៉ុន។

កាលពីថ្ងៃទី២៣ ខែកក្កដា យោធារុស្ស៊ី នឹងចិនបានធ្វើការល្បាតរួមគ្នាជាលើកដំបូង​ដោយយន្តហោះជួរវែងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កូរ៉េខាងត្បូងបានចោទប្រកាន់ប្រទេសរុស្ស៊ី​ពីបទរំលោភលើដែនអាកាសរបស់ប្រទេសនៅលើសមុទ្រជប៉ុន។

អ្នកនាំពាក្យរូបនេះបាននិយាយនៅក្នុងអំឡុងពេលធ្វើបទបង្ហាញ ពីក្រដាសពណ៌ស​របស់​ចិនស្តីពីការការពារជាតិថា ក្នុងអំឡុងពេលល្បាត យន្តហោះរបស់រុស្ស៊ី និងចិនបាន​គោរព​តាមបទដ្ឋានពាក់ព័ន្ធច្បាប់អន្តរជាតិ និងមិនបំពានលើដែនអាកាសរបស់បណ្តា​ប្រទេស​ដទៃទៀតទេ។

លោកបានសង្កត់ធ្ងន់ថា ការល្បាតនេះគឺជាផ្នែកមួយនៃផែនការប្រចាំឆ្នាំនៃ​សមយុទ្ធ​រួម​នៃប្រទេសទាំងពីរ ហើយមិនត្រូវបានដឹកនាំប្រឆាំងទៅនឹងប្រទេសទីបីនោះទេ។

កាលពីថ្ងៃអង្គារអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបានអះអាងថា យន្តហោះល្បាតA-50 របស់រុស្ស៊ី បានឆ្លងចូលដែនអាកាស​របស់កូរ៉េខាងត្បូងដោយខុសច្បាប់ចំនួនពីរដងនៅ​លើសមុទ្រជប៉ុន ហើយថាយន្តហោះចម្បាំង F-16 កូរ៉េខាងត្បូងបានបាញ់ព្រមាន​ក្នុងការ​ឆ្លើយតប។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើង​ជាច្រើនម៉ោង បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី Tu-95MS ពីរគ្រឿង ​និង យន្តហោះចិនពីរគ្រឿងបានចូលតំបន់អត្តសញ្ញាណការពារដែនអាកាសរបស់កូរ៉េខាងត្បូង។

ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធរួចហើយ នូវការអះអាងរបស់ទីក្រុងសេអ៊ូលថា Tu-95MS បានរំលោភលើដែនអាកាសរបស់កូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់ថា ពួកយុទ្ធជនកូរ៉េ​ខាងត្បូងបានធ្វើសមយុទ្ធដោយមិនមានវិជ្ជាជីវៈ និងមិនបានឆ្លងកាត់វគ្គសិក្សា​ជាមួយយន្ត​ហោះ​រុស្ស៊ីនោះទេ ដែលធ្វើឱ្យគ្រោះថ្នាក់ដល់សន្តិសុខរបស់ពួកគេ។

ក្រសួងក៏បាននិយាយដែរថា នេះមិនមែនជាលើកទីមួយទេដែលពួកអាកាសយានិក​កូរ៉េខាងត្បូង​បានព្យាយាមមិនរារាំងយន្តហោះរុស្ស៊ីមិនឱ្យហោះហើរលើដែនទឹក​អព្យាក្រឹត​ នៃ​សមុទ្រជប៉ុន ដោយសំដៅទៅតំបន់អត្តសញ្ញាណការពារដែនអាកាសរបស់កូរ៉េខាងត្បូង។​ទីក្រុង​មូស្គូបានកត់សម្គាល់ថា «តំបន់» បែបនេះមិនត្រូវបានផ្តល់ឱ្យដោយច្បាប់អន្តរជាតិទេ ​ហើយប្រទេសរុស្ស៊ីមិនបានទទួលស្គាល់ទេ ដោយបាននិយាយម្តងហើយម្តងទៀត​ចំពោះភាគី​កូរ៉េខាងត្បូងតាមរយៈបណ្តាញផ្សេងៗ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ជុនយីង (Hua Chunying) បាន​និយាយ​ដោយផ្តល់យោបល់អំពីឧបទ្ទវហេតុនេះថា តំបន់អត្តសញ្ញាណការពារដែនអាកាសរបស់​កូរ៉េ​ខាងត្បូងមិនមែនជាដែនអាកាសរបស់ប្រទេសនេះទេ ហើយគ្រប់គ្នាមានសិទ្ធិសេរីភាព​ក្នុងការ​ហោះហើរនៅទីនោះ៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)