ម៉ាឡេស៊ីនៅតែស្ទាក់ស្ទើរក្នុងការផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង CPTPP 

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩​ — ភ្នាក់ងារព័ត៌មានក្នុងស្រុក Bernama បានដកស្រង់សម្តីរបស់មន្រ្តីមួយរូបដែលបាននិយាយាថា រដ្ឋាភិបាលម៉ាឡេស៊ីមិនទាន់សម្រេចចិត្តក្នុងការផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នៅឡើយទេ។

ថ្លែងនៅក្នុងសម័យប្រជុំមួយរបស់ Dewan Negara ដែលជាសភាជាន់ខ្ពស់នៃសភាម៉ាឡេស៊ីកាលពីថ្ងៃទី២៤ ខែកក្កដា អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ប្រទេសម៉ាឡេស៊ីលោក Ong Kian Ming បាននិយាយថា រដ្ឋាភិបាលត្រូវការពេលវេលាបន្ថែមទៀតដើម្បីវាយតម្លៃឃ្លាដែលពាក់ព័ន្ធខណៈដែលកិច្ចព្រមព្រៀងនេះមានលក្ខណៈស្មុគស្មាញ និងទូលំទូលាយ។

លោកបាននិយាយថា ការប្តេជ្ញាចិត្តឯកភាពដែលស្ថិតក្រោមកិច្ចព្រមព្រៀង CPTPP មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើច្បាប់នយោបាយ និងបទប្បញ្ញត្តិនាពេលបច្ចុប្បន្នរបស់ប្រទេស រួមទាំងអ្នកដែលស្ថិតក្រោមយុត្តាធិការរបស់រដ្ឋាភិបាលប្រទេសនេះផងដែរ។

មន្ត្រីរូបនេះបានកត់សម្គាល់ថា រដ្ឋាភិបាលត្រូវទទួលខុសត្រូវក្នុងការធានាថា រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលចុះហត្ថលេខាដោយរដ្ឋាភិបាលម៉ាឡេស៊ី គឺសង្កត់ធ្ងន់ទៅលើពាណិជ្ជកម្មសេរី និងយុត្តិធម៌ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រដ្ឋាភិបាលសម្រាប់ផលប្រយោជន៍សេដ្ឋកិច្ច ដែលអាចត្រូវបានចែកចាយដល់ក្រុមគោលដៅ។

យោងតាមលោក Ong បានឱ្យដឹងថា បណ្តាភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ និងស្ថាប័នមិនមែន  រដ្ឋាភិបាលបានធ្វើការសិក្សាដើម្បីវាយតម្លៃថា តើ CPTPP នឹងមានឥទ្ធិពលវិជ្ជមាន ឬអវិជ្ជមានទៅលើប្រទេសម៉ាឡេស៊ី។

កិច្ចព្រមព្រៀង CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចរចាឡើងវិញចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពី TPP ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាកាលពីដើមឆ្នាំនេះដោយបណ្តាប្រទេសជាសមាជិក TPP ដែលនៅសេសសល់ចំនួន ១១ប្រទេស ដែលរួមមានប្រទេសអូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន    ម៉ាឡេស៊ី ម៉ិកស៊ិចកូ នូវែលហ្សេឡង់ ប៉េរូ សិង្ហបុរី និង វៀតណាម។ ហើយបច្ចុប្បន្ននេះ មានតែប្រទេស ម៉ាឡេស៊ី ប៊្រុយណេ ឈីលី និង ប៉េរូ ទេ ដែលមិនទាន់បានផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)