ឯកឧត្តម គន់ គីម៖ ទោះបីការងាររបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ឆ្នាំងសម្រេចបានល្អក្ដី ប៉ុន្តែត្រូវរួមគ្នាលើកកម្ពស់បន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖​ ដោយ​ លោក​ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​៖

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ទុកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង ដែលបានសហការជាមួយ សាខាកាកបាទក្រហមខេត្ត បានចូលរួមគ្នាធ្វើការដោះស្រាយរាល់ការងារដោយមិនបាច់រងចាំថ្នាក់ជាតិចុះមកជួយឡើយ។


ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយរយៈ៧ខែ ឆ្នាំ២០១៩និងទិសដៅបន្តសម្រាប់ឆ្នាំខាងមុខ នៅសាលប្រជុំធំសាលាខេត្តកំពុងឆ្នាំង នាថ្ងៃព្រឹកទី២៥ ខែកក្តដា ឆ្នាំ២០១៩ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានលើកឡើងថាទោះបី លទ្ឋផលសម្រេចបានល្អយ៉ាងណាក្ដី ប៉ុន្តែទាមទារឱ្យអាជ្ញាធរខេត្ត កំពុងឆ្នាំង គ្រប់ជាន់ថ្នាក់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រៀមលក្ខណៈជាស្រេចក្រែងមានគ្រោះធម្មជាតិ កើតមានជាយថាហេតុផង ដើម្បីជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។


ឯកឧត្តម ឈូរ ច័ន្ទឌឿន អភិបាលខេត្តកំពុងឆ្នាំង បានបញ្ជាក់ថា លទ្ធផលការងារសម្រេចបាន និងកិច្ចសហប្រតិបត្តិការជាការងារអន្តរាគមន៍បានឆ្លើយតបនោះ គឺគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានសហការជាមួយសាខាកាកបាទក្រហមខេត្ត បាននាំអំណោយសង្រ្គោះបន្ទាន់ទៅចែកជូនដល់គ្រួសាររងគ្រោះ បូករួមទាំងគ្រួសារទីទាល់ក្រជនពិការ និងចាស់ជរាផងដែរ។


ឯកឧត្តម ទេសរដ្ឋមន្រ្តីគន់ គីម បានជំរុញដល់អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងអង្គការ ដៃគូអភិវឌ្ឍន៏នានា ត្រូវធ្វើបច្ចុប្បន្នភាពផែនការ ត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នសម្រាប់ខេត្តខ្លួនក្នុងឆ្នាំ២០១៩នេះ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជុំរុញអោយបន្តពង្រឹងសមត្ថភាព មន្ត្រីថ្នាក់ក្រោមជាតិលើការងារបច្ចេកទេស ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងតាមដានជាប្រចាំក៏ដូចជាឆ្លើយតបទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយផ្សេងៗកើតឡើង។ គណៈកម្មាធិការគ្រោះមហន្តរាយក្រោមខេត្ត ក្រុង ស្រុក ត្រូវយកចិត្តទុកដាក់លើមុខសញ្ញារងគ្រោះដូចជា កុមារតូចៗ ចាស់ជរា ជនពិការជាដើមក្នុងការត្រៀមជួយសង្គ្រោះនិងរកទីទួលសុវត្តិភាពជូនប្រជាពលរដ្ឋរងគ្រោះ។



ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានាទាន់ពេលវេលាតាមរយៈការប្រើប្រាស់ ប្រព័ន្ធលេខ១២៩៤(ដប់ពីកៅបួន)ដែលជាសេវាមិនគិតថវិការតាមប្រព័ន្ធសេវាទូរស័ព្ទដូចជា ប្រព័ន្ធមូប៊ីថែ ០១២.ស្មាត.មិត្តហ្វូនសម្រាប់ផ្ដល់ពត៍មាន មុនពេលមានគ្រោះមហន្តរាយកើតឡើងចាប់ពីថ្នាក់ខេត្ត ស្រុក ក្រុងនិងរហូតដល់ឃុំភូមិ សហគមន៏ និង “ប្រព័ន្ធវេទិការព័ត៌មានទាន់ហេតុការណ៍ (PRISM)”៕