ស៊ុយអ៊ែត សរសើរកម្ពុជាចំពោះប្រតិបត្តិការប្រឆាំងការជួញដូរមនុស្ស

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា ២៥ ០៧ ១៩៖

ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត សរសើរកម្ពុជាចំពោះប្រតិបត្តិការប្រឆាំងការជួញដូរមនុស្ស បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានបង្ក្រាបអំពើជួញដូរមនុស្ស និងផ្លូវភេទ សរុប៧៨ករណី លើ៦២ករណី។


លោកជំទាវ Maria Sargren ឯកអគ្គរដ្ឋទូតស៊ុយអ៊ែតប្រចាំកម្ពុជា បានលើកឡើងថា ការអនុវត្ដការងារប្រយុទ្ធប្រឆាំងការងារជួញដូរមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមកនេះ មានភាពប្រសើរ ដោយបានចាប់អ្នកដែលប្រព្រឹត្តិអំពើជួញដូរមនុស្សយកមកដាក់ទោសតាមផ្លូវច្បាប់។
ការលើកឡើងនេះ ធ្វើឡើងក្នុងពេលលោកជំទាវចូលជួបជម្រាបលាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ក្នុងឱកាសលោកជំទាវត្រូវចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។
ឯកឧត្ដម ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបនេះ ដោយលើកឡើងពីប្រសាសន៍របស់សម្ដេចក្រឡាហោមស ខេង ដែលបានថ្លែងទៅលោកជំទាវ Maria Sargren ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទំាងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស។
ឯកឧត្ដម ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងទៀតថា លាសម្ដេចក្រឡាហោម ស ខេងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំបង្ក្រាបការជួញដូរមនុស្សនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយបានដាក់ចេញគោលការណ៍តាមស្វែងរក និងចាប់ខ្លួនអ្នកដែលប្រព្រឹត្តិអំពើជួញដូរមនុស្សយកមកដាក់ទោសតាមច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជួញដូរមនុស្សកម្ពុជា អំពីការងារបង្ក្រាប និងសង្គ្រោះជនរងគ្រោះបានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បានបង្ក្រាបអំពើជួញដូរមនុស្ស និងផ្លូវភេទ សរុប៧៨ករណី លើ៦២ករណី ក្នុងនោះឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន៩៧នាក់ ក្នុងនោះមានសញ្ជាតិចិន១២នាក់ និងនិងអាមេរិក២នាក់។ ជាមួយគ្នានេះ ក៏បានជួយសង្គ្រោះជនរងគ្រោះ បានចំនួន២៦៣នាក់ ក្នុងនោះមានអ្នកអាយុក្រោម១៥ឆ្នាំ ៧០នាក់ អាយុ១៥ដល់១៧ឆ្នាំ ចំនួន៣១នាក់ និងពី១៨ឆ្នាំឡើង ចំនួន១៦២នាក់ ដោយប្រគល់ឲ្យមន្ទីរសង្គមកិច្ច៧២នាក់ និងប្រគល់ទៅគ្រួសារ១៩១នាក់៕