ចិនព្រមានថា បើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យនោះសង្រ្គាមនឹងផ្ទុះឡើង

វិទ្យុជាតិកម្ពុជា ដោយ៖លោក ភួង ឈិនលាង៖


ក្រសួងការពារជាតិប្រទេសចិន បានព្រមានសារជាថ្មីថា បើសិនជាកោះតៃវ៉ាន់ ហ៊ានប្រកាសឯករាជ្យ ឬក៏កម្លាំងខាងក្រៅណាមួយចង់ព្យាយាមយកដែនកោះមួយនេះ ចេញពី ប្រទេសចិន នោះសង្រ្គាមនឹងផ្ទុះឡើង ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។
លោក Wu Qian (វូ ជាន) អ្នកនាំពាក្យក្រសួងការពារជាតិចិន នាឱកាស ចេញផ្សាយសៀវភៅ ស ស្ដីពីគោលនយោបាយការពារជាតិកាលពីថ្ងៃពុធ បានគូសបញ្ជាក់ថា ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះបំណងរបស់ក្រុមផ្ដាច់ខ្លួនណាមួយ ដែលចង់ឱ្យតៃវ៉ាន់មានឯករាជ្យ ឬកម្លាំងខាងក្រៅណាមួយចង់យកតៃវ៉ាន់ ចេញពីប្រទេសចិន នោះចិននឹងមិនរុញរាឡើយក្នុងការធ្វើសង្រ្គាមការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះក៏បាន អះអាងដែរថាចិននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សះផ្សារ និងបង្រួបបង្រួមជាតិ ដោយសន្តិវិធី។
គួរបញ្ជាក់ថា កាលពីខែមុនក្រសួងការបរទេសចិនបានជំរុញឱ្យអាមេរិកបញ្ឈប់ការលក់អាវុធឲ្យ កោះតៃវ៉ាន់ និងព្រមានថាការលក់អាវុធឱ្យកោះតៃវ៉ាន់ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីអាមេរិក និងចិន តែអាមេរិកនៅតែប្រកាសលក់អាវុធមានតម្លៃជាង ២.២ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់៕ ប្រភព៖ សារព័ត៌មាន Channel News Asia