ឯកឧត្តម គួច ចំរើន ចុះពិនិត្យស្ថានភាពផ្លូវ ចំនួន5ខ្សែក្នុងចំណោមផ្លូវ 22 ខ្សែដែលគ្រោងជួសជុលឡើងវិញបន្ទាប់ពីរងការខូចខាតយ៉ាងដំណំក្នុងរយៈពេលកន្លងមក

វិទ្យុជាតិកម្ពុជា​៖

ខេត្តព្រះសីហនុ​៖​ រសៀលថ្ងៃទី 24 ខែកក្កដាឆ្នាំ 2019 ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុអមដំណើរដោយប្រធានមន្ទីរសាធារណការនិងមន្ត្រីសាលាខេត្តព្រះសីហនុជាច្រើនរូបទៀត បានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវដែលគ្រោងធ្វើការជួសជុលកែលម្អល្អឡើងវិញប្រមាណ 22 ខ្សែ ដែលត្រូវបានកំណត់។

ផ្លូវដែលឯកឧត្តមអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យជាក់ស្តែងនារសៀលនេះគឺមានចំនួន 5ខ្សែ៖
1.កំណាត់ផ្លូវនៅខាងមុខសាខាធនាគារជាតិសាខាធនាគារជាតិកម្ពុជា 2.ផ្លូវរំដោះការកកស្ទះពីចំណុចផ្លូវជាតិលេខ 4 ចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ឆ្ពោះទៅសាលាក្រុងព្រះសីហនុ 3. កំណាត់ផ្លូវពីរចំណុចមុខសាលាក្រុងឆ្ពោះទៅវិទ្យាល័យហ៊ុនសែនមិត្តភាព 4.ផ្លូវនៅតំបន់ភូមិទឹកភ្នែក 5. កំណាត់ផ្លូវពីផ្លូវជាតិលេខ 4 កាត់តាមមន្ទីរវប្បធម៌ខេត្តព្រះសីហនុ មកភ្ជាប់ជាមួយនឹងផ្លូវមិត្តភាពមុខសាលាក្រុងព្រះសីហនុ។

បើតាមឯកឧត្តម គួច ចំរើន ថាគ្រោងធ្វើការជួសជុលទៅតាមអ្វីដែលបានប្រជុំពិភាក្សាសម្រេច តាមទំហំស្របតាមប្លង់ប្រព័ន្ធ។
ឯកឧត្តមបញ្ជាក់ថា ត្រូវធ្វើផ្លូវណាដែលអាទិភាពមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ។