សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចផ្តល់ជូនអាគារសិក្សា១ខ្នង ដល់សាលាបឋមសិក្សា និងវិទ្យាល័យ ដីដុះ

វិទ្យុជាតិកម្ពុជា៖


ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ មេបញ្ជាការកងវិស្វកម្ម របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអោយដឹងថាសម្តេច តេជោ ហ៊ុន សែន បានសម្រេចផ្តល់ អាគារសិក្សា១ខ្នង អគារសិក្សា ១ខ្នង កម្ពស់៣ជាន់ ស្មើនឹង៣០បន្ទប់ រួមនឹងទីចាត់ការ២ ខ្នងស្មើនឹង ៦បន្ទប់ ជូនសាលាបឋមសិក្សានិងវិទ្យាល័យដីដុះស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។


ក្នុងឳកាសអញ្ជើញចុះពិនិត្យទីតាំង ដើម្បី សាងសង់អគារសិក្សា ១ខ្នង កម្ពស់៣ជាន់ ស្មើនឹង៣០បន្ទប់ រួមនឹងទីចាត់ការ២ ខ្នង ស្មើនឹង ៦បន្ទប់ ដោយរួមដំណើរជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមផងនោះ ឯកឧត្តម ខេង សុមេធ បញ្ជាក់ថា ដោយសារអគារសិក្សា ដែលសម្ដេចតេជោផ្ដល់ជូននាពេលនេះ គឺត្រូវសាងសង់នៅលើទីតាំងអគារចាស់ ។ ដូច្នេះ សូមឲ្យលោកនាយកសាលា រៀបចំទីកន្លែងឲ្យបានសមរម្យ ដើម្បី ឲ្យក្មួយៗសិស្សានុសិស្ស បានរៀនសូត្រជាបណ្ដោះអាសន្ន ។


ឯកឧត្តមបន្តថា ទោះបីអគារថ្មីនឹងត្រូវសាងសង់ ហើយក្មួយៗ ត្រួវទៅអង្គុយរៀននៅកន្លែងថ្មី ក៏សូមឲ្យក្មួយៗទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ ដើម្បី ក្លាយខ្លួនជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ដើម្បី ជាទំពាំងស្នងឬស្សី សម្រាប់អនាគត់ប្រទេសជាតិ ៕