ប្រធានគ.ជ.ប ដាស់តឿនមន្ត្រីក្រោមឱវាទអនុវត្តការងារឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនភាពជឿជាក់ដល់ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖
ភ្នំពេញ៖  ប្រធាន គ.ជ.ប ដាស់តឿនមន្ត្រីក្រោមឱវាទអនុវត្តការងារឲ្យបានត្រឹមត្រូវ សច្ចៈភាព តម្លាភាព និងយុត្តិធម៌ ដើម្បីបង្កើនភាពជឿជាក់ដល់អ្នកបោះឆ្នោត ក៏ដូចជាសាធារណជនទូទៅ។

ថ្លែងក្នុងពិធីប្រកាសតែងតាំងប្រធាននាយកដ្ឋាន និងប្រធានលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋានគ.ជ.ប នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប មានប្រសាសន៍ថា ការបោះឆ្នោតមួយដែលជឿទុកចិត្តបាន ប្រកបដោយប្រជាធិបតេយ្យ សេរីពហុបក្ស គឺអាស្រ័យលើការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវនៅចំពោះមុខច្បាប់របស់មន្ត្រី គ.ជ.ប នៅគ្រប់កម្រិតថ្នាក់ទាំងអស់។
ការក្រើនរំឭកនេះ ធ្វើឡើងបន្ទាប់ពីលទ្ធផលបូកសរុបការងារបោះឆ្នោតរបស់គ.ជ.ប កាលពីដើមខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហាញពីចំណុចខ្វះខាតមួយចំនួនរបស់មន្ត្រីនៃអគ្គលេខាធិការដ្ឋានគ.ជ.ប ក្នុងការបំពេញតួនាទី និងភារកិច្ចពាក់ព័ន្ធនឹងការងារបោះឆ្នោតដូចជា ការរៀបចំបញ្ជីបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជន ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត ជាដើម។
ឯកឧត្តម ស៊ិក ប៊ុនហុក បានបញ្ជាក់ថា ចាប់ពីពេលនេះទៅថ្នាក់ដឹកនាំគ.ជ.ប នឹងធ្វើការពិនិត្យយ៉ាងទៀងទាត់រាល់គ្រប់ការងារទាំងអស់របស់អគ្គលេខាធិការដ្ឋានគ.ជ.ប ដើម្បីឲ្យការងារបោះឆ្នោតកាន់តែមានប្រសិទ្ធភាពជាងមុន ពិសេសដើម្បីឲ្យមន្ត្រីនៃអគ្គលេខាធិការដ្ឋានគ.ជ.បទាំងអស់ អនុវត្តការងារដោយរក្សាបានជំហរអព្យាក្រឹតឥតលម្អៀង ដែលធានាឲ្យការបោះឆ្នោតនាអាណត្តិក្រោយៗ មានកាន់តែមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

សូមបញ្ជាក់ថា គ.ជ.ប នៅថ្ងៃទី២៤ ខែកក្កដានេះ បានប្រកាសតែងតាំងសមាសភាពប្រធាននាយកដ្ឋាន និងប្រធានលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋានគ.ជ.បថ្មីចំនួន៥រូប ឲ្យចូលកាន់ដំណែងជំនួសមន្ត្រីដល់អាយុត្រូវចូលនិវត្តន៍ ដែលក្នុងនោះលោក សំ សាវុធ ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានប្រតិបត្តិការ ជំនួសលោក ហ៊ឺ រ៉ុង, លោក វង្ស ចំរើន ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងជំនួសលោក សយ សាខន, លោក ស៊ុ ប៊ុនហុង ជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងអប់រំ អ្នកបោះឆ្នោតជំនួសលោក មុំ សុទ្ធ, លោក ស៊ិន ដារ៉ា ប្រធាននាយកដ្ឋានរដ្ឋបាល ជំនួសលោក អ៊ឹង ស៊ីកេត, និងលោក ឌី ភីរុណ ជាប្រធានលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋានគ.ជ.ប ជំនួសលោក ជិន សារិន៕
អត្ថបទ៖ វ៉ាង ភក្តី ២៤ ០៧ ២០១៩