ពិធីបើកទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការវិស័យអប់រំអាស៊ាន-ចិនលើកទី ១២

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី២២ ខែកក្កដា ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការវិស័យអប់រំអាស៊ាន-ចិនលើកទី១២ បានចាប់ផ្តើមពិធីបើកនៅទីក្រុង Guiyang នៃខេត្ត Guizhou ប្រទេសចិន។
ព្រឹត្តិការណ៍នេះមានគោលបំណងរឹតបន្តឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំទ្វេភាគីរវាងអាស៊ាននិង ចិន។


ទិវានេះបានទាក់ទាញគណៈប្រតិភូចូលរួមជាង ២.៤០០នាក់មកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន រួមជាមួយដៃគូសំខាន់ៗចំនួន ៧ ដែលរួមមានប្រទេសរុស្ស៊ី ស្វីស និងកាហ្សាក់ស្ថានជាដើម។

គណៈប្រតិភូទាំងនោះគ្រោងនឹងចូលរួមវេទិកាចំនួន ១០ ដែលមាន ២២អនុគម្រោង ដែលផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការវិស័យអប់រំថ្នាក់ឧត្ដមសិក្សា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអប់រំថ្នាក់មត្តេយ្យសិក្សា វគ្គបណ្តុះបណ្តាលស្តីពីភាពច្នៃប្រឌិត និងសហគ្រិននៅក្នុងសាកលវិទ្យាល័យ ភាពជាដៃគូរវាងគ្រឹះស្ថានអប់រំ និងអាជីវកម្ម ព្រមទាំងការផ្លាស់ប្តូរយុវជនគ្នាទៅវិញទៅមកផងដែរ។

អាស៊ាន និងខេត្ត Guizhou បានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិស័យអប់រំក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយប្រមាណ ៧១ភាគរយនៃនិស្សិតអន្តរជាតិនៅក្នុងខេត្តមួយនេះរបស់ចិនមកពីបណ្តាប្រទេសនៅអាស៊ាន។
បណ្តាសាកលវិទ្យាល័យនៅខេត្ត Guizhou បានបង្កើតភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំចំនួន ៨៥ នៅក្នុងតំបន់អាស៊ាន។ ទិវាសប្តាហ៍អប់រំអាស៊ាន – ចិនត្រូវបានដំណើរការជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៨ មក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)