ក្រុមគ្រូពេទ្យចិន ជួយព្យាបាលជំងឺបេះដូងចំហកុមារកម្ពុជា៣នាក់ ទទួលជោគជ័យ និង៣នាក់ទៀតកំពុងព្យាបាល

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ -ក្រុមគ្រូពេទ្យជំនាញរបស់ប្រទេសចិន​បានជួយព្យាបាល​ជំងឺបេះដូងចំហកុមារកម្ពុជា៣នាក់ ទទួលបានជោគជ័យ ខណៈកុមារ៣នាក់ទៀតកំពុងព្យាបាល និងវះកាត់ក្នុងសប្តាហ៍នេះ នៅមន្ទីរពេទ្យក្នុងខេត្ដយូណាន ប្រទេសចិន។

លោក ម៉ា លីនឃុន (MA LINKUN) អនុប្រធានមន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិនបានឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញរបស់ចិនបានវះកាត់ព្យា បាលកុមារដែលមានជំងឺបេះដូងចំហចំនួន៣នាក់ ទទួលជោគជ័យ ហើយកុមារ៣នាក់ទៀត នឹងត្រូវព្យាបាលនៅក្នុងសប្តាហ៍នេះ។ លោកបានសម្ដែងការអបអរសាទរនឹងលទ្ធផលថ្មី​នៃ​ការ​ជួយដល់កុមារកម្ពុជា និងបានថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធនានា ក្នុងនោះរួម​មាន​លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលបានជួយ សម្របសម្រួលដល់ការងារនេះ។ លោកបានវាយតម្លៃខ្ពស់ចំពោះក្រុមគ្រួសាររបស់កុមារ​កម្ពុជា​ ដែលបានផ្ដល់នូវទំនុកចិត្តដល់ក្រុមគ្រូពេទ្យជំនាញប្រកបដោយវិជ្ជាជីវៈ​និងទំនួលខុស​ត្រូវខ្ពស់​របស់មន្ទីរពេទ្យក្នុងការវះកាត់​និងព្យាបាលជំងឺបេះដូងចំហជូនដល់កុមារ​កម្ពុជា​ផង​ដែរ។

សូមជម្រាបថា អង្គការមជ្ឈមណ្ឌលស្រាវជ្រាវឥរិយាបថនិងសុខភាពសិក្សា(YUNDI) បាន​នាំយកសម្ភារសិក្សា និងវត្ថុអនុស្សាវរីយ៍មួយចំនួនជូនដល់កុមារកម្ពុជាចំនួន៣រូប​ដែល​ទើបជាសះស្បើយពីការវះកាត់ និងព្យាបាលជំងឺបេះដូងចំហនៅមន្ទីរពេទ្យបេះដូងFUWAI ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ។

លោក ផន សៀម ដែលត្រូវជាឳពុករបស់កុមារី សៀម ស៊ាវថង ដែលរស់នៅក្នុងស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺបានឱ្យដឹងថា កុមារចំនួន៦រូប ដែលក្នុងនោះ​មានកូនរបស់លោក​មួយរូប​ផងដែរ​បានមកដល់មន្ទីរពេទ្យបេះដូងFUWAI​ ខេត្តយូណាន​ដើម្បីវះកាត់ និងព្យាបាលជំងឺ បេះដូងចំហ។ លោកបន្ដថា កូនរបស់លោករួមជាមួយកុមារចំនួន២នាក់ទៀត ត្រូវបានក្រុម​គ្រូពេទ្យជំនាញវះកាត់ និងព្យាបាលជំងឺបេះដូងចំហ ទទួលបានលទ្ធផលដោយជោគជ័យ ហើយ​កូនរបស់លោក និងកុមារទាំង២នាក់ទៀត នឹងវិ លត្រឡប់មកកាន់មាតុភូមិវិញ​នាថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ។ ដោយឡែក ចំពោះកុមារចំនួន៣នាក់ទៀត ​នឹង​ត្រូវ​វះកាត់និងព្យាបាល នៅថ្ងៃពុធនេះ។ លោកក៏បានថ្លែងអំណរគុណដល់អង្គការ​មជ្ឈ​មណ្ឌលស្រាវជ្រាវឥរិយាបថនិងសុខភាពសិក្សា(YUNDI) ដែលបាននាំយកនូវសម្ភារសិក្សា និងវត្ថុអនុស្សាវរីយ៍​មួយ​ចំនួនជូនដល់កូនរបស់លោក និងកុមារ ២នាក់ ផ្សេងទៀត។

លោក LUO ZHI ប្រធានអង្គការ អង្គការមជ្ឈមណ្ឌលស្រាវជ្រាវឥរិយាបថ និងសុខភាព សិក្សា(YUNDI) បានលើកឡើងថា នេះគឺជាការលើកទឹកចិត្តដល់អង្គការសង្គមស៊ីវិល មន្ទីរ​ពេទ្យ មណ្ឌលសុខភាពនានាក្នុងប្រទេសកម្ពុជាចូលរួមសហការជាមួយ អង្គការក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់កុមារកម្ពុជាដែលមានជំងឺបេះដូងចំហ​ពីកំណើត​នេះ។

គួរបញ្ជាក់ថា ក្រោយពេលដែលអង្គការនេះបានទទួលស្គាល់ជាផ្លូវការដោយក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ បានបំពេញ បេសកកម្មយ៉ាងសកម្មនៅកម្ពុជាដើម្បីចូលរួមកាត់បន្ថយបរិមាណកុមារកម្ពុជាដែលមានជំងឺបេះដូងចំហ។ សម្រាប់កុមារបីនាក់នេះ​គឺជាកុមារទី៣២ ដល់៣៤ ក្នុងចំណោមកុមារ​ទាំង៦​នាក់ ដែលអង្គការYUNDI បានជួយដល់កុមារទាំងមុន ទាំងក្នុងពេល និងទាំងក្រោយពេល វះកាត់ និងព្យាបាលដោយឥតគិតថ្លៃនៅប្រទេសចិន។ ទន្ទឹមនេះ អង្គការក៏បានជួយ​ផ្តល់​សម្ភារ​សិក្សា និងផ្តល់មធ្យោបាយនានាក្នុងការជួយលើកកម្ពស់ជីវភាពគ្រួសារកុមារ​ដែលមានជំងឺ​បេះ​ដូងចំហតាមរយៈការផ្តល់នូវធនធានហិរញ្ញវត្ថុលើការចិញ្ចឹមសត្វ ការប្រកបរបរអាជីវកម្ម​ធុនតូច និងអាហារូបករណ៍ដល់កុមារទៀតផង៕

ដោយ ប៊ុនរិទ្ធ