ផ្លូវជនបទក្រាលកៅស៊ូ១ខ្សែប្រវែងជិត៥០គីឡូម៉ែត្រសាងសង់បាន ៩៥ភាគរយហើយ

AKP កំពង់ធំ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ -លោក មុំ ចែម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានឱ្យដឹងនៅថ្ងៃអង្គារ ៧រោចខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ថា ផ្លូវជនបទ១ខ្សែក្រាលកៅស៊ូប្រវែង៤០,៨០០គីឡូម៉ែត្រ ដែលបែកចេញពីផ្លូវជាតិលេខ ៦ត្រង់ចំណុចឃុំបន្ទាយស្ទោង ស្រុកស្ទោង ទៅអូរអង្គរព្រំប្រទល់ខេត្តព្រះវិហារ ឃុំសាគ្រាម ស្រុកប្រាសាទ បល្ល័ង្ក សម្រេចសាងសង់បាន ៩៥ភាគរយហើយ គិតមកដល់ចុងខែកក្កដា ឆ្នាំ២០១៩នេះ។

ផ្លូវមួយខ្សែនេះមានសារៈសំខាន់ណាស់ ដើម្បីសម្រួលក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ និងដឹកផលិតផលពីតំបន់ជនបទមកទីប្រជុំជនស្រុកស្ទោង និងខេត្តកំពង់ធំ។ ផ្លូវ១ខ្សែនេះដំណើរការសាងសង់នៅដើមឆ្នាំ២០១៧ ក្រោមកម្ចីសម្បទានរបស់រដ្ឋាភិបាលចិនដោយក្រាលកៅស៊ូពីរជាន់ប្រភេទ(DBST)។

លោក មុំ ចែម បានឱ្យដឹងទៀតថា ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ចំនួន ៣ខ្សែទៀតប្រវែងជាង ៧៤គីឡូម៉ែត្រ កំពុងដំណើរការសាងសង់តាំងពីចុងឆ្នាំ២០១៨មកដល់ចុងខែកក្កដា ឆ្នាំ២០១៩នេះ សម្រេចបានពី ២៥ទៅ ៤៥ភាគរយហើយ។ ក្នុងនោះផ្លូវពីតាអោកឃុំឈូកស្រុកប្រាសាទសំបូរ ទៅឃុំងន ស្រុកសណ្ដាន់ ប្រវែង២០,៦០០គីឡូម៉ែត្រសម្រេចសាងសង់បាន៤៥ភាគរយ ។ ផ្លូវបែកចេញពីផ្លូវជាតិលេខ ៦ ត្រង់ភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយទៅភូមិស្មោញ ឃុំផាន់ញឹម ស្រុកប្រសាទបល្ល័ង្ក ប្រវែង២០,៤០០គីឡូម៉ែត្រសម្រេចបាន ២៥ភាគរយ និងផ្លូវមួយខ្សែទៀតចេញពីផ្លូវជាតិលេខ ៦២ ឃុំសាលាវិស័យ ទៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ប្រវែង៣៣,២០០គីឡូម៉ែត្រសម្រេចបាន ៣០ភាគរយហើយ ៕

ដោយ ស៊ុម វណ្ណា