ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង

AKP ភ្នំពេញ ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ឱ្យ​ដឹងថា​ កាល​ពី​ថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរសាធា រណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង។​

នៅក្នុង​ឱកាសនោះ​ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការសាងសង់ផ្លូវនីមួយៗ ដូច្នេះមន្ត្រីសាធា រណ​ការ និងដឹកជញ្ជូនដែលជាភ្នែកជាច្រមុះរបស់រាជរដ្ឋាភិបាល ត្រូវតាមដាន ថែទាំជួសជុល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានដិតដល់ និងប្រកាន់យកទស្សនៈធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង។

ទន្ទឹមនឹងនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមទៀតថា​ ទោះផ្លូវល្អប៉ុណ្ណាក៏ដោយ បើមានការដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ផ្លូវនោះមិនអាចប្រើប្រាស់បានយូរអង្វែងឡើយ ព្រោះថាតាមរូបមន្តរបស់ធនាគារពិភពលោក បើមានឡានមួយគ្រឿងដឹកជញ្ជូនលើសទម្ងន់១០តោន នៅលើផ្លូវនោះ គឺស្មើនឹងរថយន្តចំនួន១ម៉ឺនគ្រឿងកំពុងធ្វើដំណើរនៅលើផ្លូវនោះ។

ជាមួយ​គ្នា​នេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បាន​មាន​ប្រសាសន៍ថា​ ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសជាបច្ច័យបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលតម្រូវឱ្យយើងទាំងអស់គ្នាចូលរួមប្រើយន្តការគ្រប់បែបយ៉ាងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតទាបបំផុតតាមដែលអាចធ្វើទៅបាន។ ឯកឧត្ដម​បានសង្កត់ធ្ងន់ថា មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋទេ ដូច្នេះ​យើងត្រូវរិះរកគ្រប់មធ្យោបាយ និងនីតិវិធី ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿនជាងមុនទ្វេដង និង​ត្រូវអនុវត្តន៍ឱ្យ​បានខ្ជាប់ខ្ជួននូវ​អនុសាសន៍ ​១១ចំណុច ​របស់សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានបង្ហាញផងដែរពីនីតិវិធី និងយន្តការមួយចំនួនក្នុងការផ្ដល់សេវាឱ្យបានលឿន ដូចជា ការប្រឡងយកប័ណ្ណបើកបរ ការបំពេញឯកសារសម្រាប់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តតាមប្រព័ន្ធអនឡាញ និងឆៀកចល័ត ជាពិសេស ការប្រើប្រាស់កម្មវិធីថែទាំផ្លូវ ROAD CARE Mobile App ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមរាយការណ៍ពីជង្ហុកសម្បុកមាន់ ដើម្បីឱ្យក្រុមការងារចុះមកជួសជុលទាន់ពេលវេលា ទប់ស្កាត់ការខូចរាលដាលកាន់តែធំដែលនាំឱ្យចំណាយថវិកាកាន់តែច្រើន៕

ដោយ​ ទេស ច័ន្ទសុធារី

រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន