អភិបាលខេត្តកំពង់ចាម អំពាវនាវអោយប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ត្រូវចៀសឲ្យឆ្ងាយ ពីគ្រឿងញៀន

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា៖

ខេត្តកំពង់ចាម ៖


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ត្រូវចៀសឲ្យផុតពីគ្រឿងញៀន ដែលធ្វើឲ្យបាត់បង់សេដ្ឋកិច្ចគ្រួសារ បាត់បង់កត្តិសយ ស្មារតី សុខភាព និងកុំយកខ្លួនបៀតជាមួយសារធាតុញៀន។


ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ«សុខភាពដើម្បីយុត្តិធម៍ យុត្តិធម៍ដើម្បីសុខភាព» ដែលរៀបចំឡើងនៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែកក្កដានេះ ឯកឧត្តម ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ពន្ធ័ចូលរួមផ្តល់ព័ត៍មានពីសកម្មភាពដែលមានការប្រើប្រាស់គ្រឿងញៀននៅមូលដ្ឋាន ដើម្បីឲ្យសហគមន៍របស់យើង គ្មានគ្រឿងញៀន មានសុខសន្តិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហឹង្សា។


ឯកឧត្តម បញ្ជាក់ថាគ្រប់មន្ទីរពេទ្យទាំងអស់មានថ្នាំបន្សាបផ្តាច់សារធាតុញៀន ដែលអាចឲ្យអ្នកញៀនគ្រឿងញៀនមកទទួលយកដោយឥតគិតថ្លៃ តាមមន្ទីរពេទ្យនិងមណ្ឌលសុខភាពតាមមូលដ្ឋានក្បែរផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានចំនួន៣៨ទូទាំងខេត្តកំពង់ចាម។ជាមួយគ្នានេះ ដើម្បីចូលរួមអនុវត្តន៍គោលនយោបាលរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ឯកឧត្តមអភិបាលខេត្ត បានធ្វើការឃាត់រថយន្តសង្ស័យដែលអ្នកបើកបរប្រើប្រាស់សារធាតុញៀនតាមដងផ្លូវសាធារណៈ ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផង និងអ្នកប្រើប្រាស់សារធាតុញៀនផង។
ក្នុងឱកាសនោះសិស្សានុសិស្សដែលស្ថិតក្នុងវ័យសិក្សារៀនសូត្រនៃវិទ្យាល័យ ហ៊ុន សែន ស្គន់ បានបង្ហាញថា ក្នុងនាមជាយុវជនត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយមិនត្រូវចង់សាក ចង់ដឹងនូវសារធាតុញៀនគ្រប់ប្រភេទនោះទេ ដែលបង្កឲ្យមានបញ្ហាសុខភាព បាត់បង់ស្មារតី គ្មានភាពម្ចាស់ការលើខ្លួនឯង ខាតបង់ពេលវេលា និងថវិកា ទៀតផង។ ដូច្នេះ ក្នុងនាមជាយុវជន ជាទំពាំងស្នងឬស្សី ត្រូវបេ្តជ្ញាចិត្តចូលរួមការផ្សព្វផ្សាយផលប៉ះពាល់ពីគ្រឿងញៀន ងាកមកលេងកីឡាដើម្បីសុខភាព នឹងត្រូវនិយាយថាទេចំពោះគ្រឿងញៀន៕