គណៈប្រតិភូខេត្តបាត់ដំបង ធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាមទៅប្រទេសវិញ

AKP បាត់ដំបង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ -កាលពីថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៣៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តឡុងអាន គណៈប្រតិភូកម្ពុជាចំនួន ៣ខេត្ត ដែលមាន ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តប៉ៃលិន និង ភូមិសាស្ត្រយោធភូមិភាគពិសេស បាននាំយកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដំណាក់កាលទី១៨ ដែលបានអនុវត្តន៍ក្នុងការរុករកអដ្ឋិធាតុតាំងពី ឆ្នាំ២០០១ ដល់ ឆ្នាំ២០១៨ បានចំនួន ២.៣៧៣អដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះមាន ១៦០អដ្ឋិធាតុមានឈ្មោះ។

ពិធីនេះក៏មានការចូលរួមពីគណៈប្រតិភូខេត្ត មេបញ្ជការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត ប្រធាន អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងស្រុក នាយទាហាន និងមន្ត្រីរាជការសាលាខេត្តផងដែរ។

នៅក្នុងឱកាសនោះ លោក ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈប្រតិភូ បានចុះហត្ថលេខាលើកំណត់ហេតុប្រគល់-ទទួល អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា ដំណាកាលទី១៨ ចំនួន ៧១អដ្ឋិធាតុផងដែរ ។

លោក ជិន វ៉ាន់កិន ប្រធានគណៈកម្មការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការណែនាំ ៥១៥ ខេត្តឡុងអាន បានអានរបាយការណ៍ និង ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអាជ្ញាធរមូលដ្ឋាននៃខេត្តទាំង៣ ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អ រវាងក្រុមការងាររុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តបាត់ដំបង)