រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបង្ហាញគម្រោងសាងសង់ផ្លូវជាតិលេខ០៧ នៅខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបង្ហាញគម្រោងសាងសង់ ថ្មីឡើងវិញនូវផ្លូវជាតិលេខ៧ចេញពីចំណុចផ្លូវសាងសង់ហើយពីខេត្តក្រចេះ- ទៅដល់ច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀល(កម្ពុជា.ឡាវ )ដើម្បីប្រែក្លាយបណ្តាញគមនាគមន៍មួយនេះ ឱ្យទៅជាខ្សែចង្វាក់នាំទំនិញឆ្លងកាត់បង្កើនសេដ្ឋកិច្ចជាតិ និងងាយស្រួលធ្វើចរាចររបស់ភ្ញៀវទេសចរផងដែរ។


ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរសាធារណការនិងដឹកជញ្ជូននៅសាលាខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៣កក្កដាឆ្នាំ២០១៩ ឯកឧត្តម ស៊ុនចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងសាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ថា៖ផ្លូវជាតិលេខ០៧ឆ្លងកាត់ខេត្តក្រចេះស្ទឹងត្រែង ប្រមុខរាជរដ្ឋាភិបាលបានសម្រេចឱ្យសាងសង់ថ្មីឡើងវិញដើម្បីជំរុញឱ្យខេត្តនៅភូមិភាគឥសាននៃប្រទេសមានលំហូរផ្នែកសេដ្ឋកិច្ចនិងបានបង្កលក្ខណៈងាយស្រួលក្នុងការនាំ ផលកសិកម្មរបស់កសិករ ទៅកាន់ទីផ្សារផងដែរ។ឯកឧត្តមទេសរដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា៖កិច្ចការងារនេះក្រសួងបានរៀបចំគម្រោងរួចហើយ ដើម្បីធ្វើឱ្យឆ្លើយតបទៅនិងវិស័យអភិវឌ្ឍន៍ស្ពានថ្នល់នៅប្រទេសកម្ពុជាយើង។
លោកស គឹមណាត ប្រធានមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្ត បានគាំទ្រចំពោះគោលការណ៍អភិវឌ្ឍន៍ផ្លូវនេះព្រោះបច្ចុប្បន្ននៅតាមបណ្តាខេត្តនិមួយៗប្រជាពលរដ្ឋយើងកាន់តែមានកំណើនឡើង ហើយមធ្យោបាយប្រើប្រាស់ក៍ចេះតែកើនឡើងដែរ។ លោកអះអាងថា៖រាជរដ្ឋាភិបាលក៍ដូចជា ក្រសួងសាធារណការ នឹងស្ថាបនា ផ្លូវនេះឱ្យទៅជាផ្លូវ(អាស៊ានហាយវេ )មានទំហ៊ំធំជាងផ្លូវចាស់ពិតជាបានលើកកម្ពស់វិស័យគមនាគមន៍នៅភាគឥសាន្ត។
លោកផឹក វិជ្ជាវី ប្រជាពលរដ្ឋ នៅសង្កាត់ក្រុងស្ទឹងត្រែងបានលើកឡើងថា៖ការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការស្ថាបនាផ្លូវជាតិលេខ០៧នេះ ប្រជាពលរដ្ឋយើងនិងចូលរួម ព្រោះវាជាសមិទ្ធផលក្នុងខេត្តយើង ហើយ កន្លងមកខេត្តស្ទឹងត្រែងក៍ធ្លាប់ទទួលបានសមិទ្ធផលធំៗជាច្រើន ដូចជាស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេសេសាននិងផ្លូវជាតិលេខ០៩ជាដើម។
សូមបញ្ជាក់ថា៖គម្រោងសាងសង់ ផ្លូវជាតិលេខ០៧នៅខេត្តស្ទឹងត្រែងនេះ គឺចេញពីចំណុចសាងសង់រួចផ្លូវខេត្តក្រចេះទៅដល់ច្រកអន្តរជាតិត្រពាំងគ្រៀល(កម្ពុជា-ឡាវ) មានប្រវែង៩៦គីឡូម៉ែត្រទៀត៕