មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីគ្រោងប្រារព្ធទិវាសត្វខ្លាធំឆ្នាំ២០១៩នៅចុងខែកក្កដានេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ វ៉ែន សុវុទ្ឋី

មណ្ឌលគីរី៖  មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីគ្រោងប្រារព្ធទិវាសត្វខ្លាធំឆ្នាំ២០១៩នៅចុងខែកក្កដានេះ នៅសួនច្បារ សែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងស្តីអំពីការអភិរក្សសត្វខ្លាធំ។

លោក កែវ សុភ័ក្រ្ត ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ទិវាសត្វខ្លាធំនេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ខែ កក្កដាខាងមុនេះក្រោមកិច្ចសហការជាមួយអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិកម្ពុជាហៅកាត់ថាWWF ។
លោកប្រធានមន្ទីរបានបញ្ជាក់ថាគោលបំណងប្រារព្ធទិវាសត្វខ្លាធំនេះឡើងគឺចង់ឲ្យប្រជាពលរដ្ឋបានយល់ដឹងពីរសារៈសំខាន់នៃកិច្ចការពារធនធានធម្មជាតិ និងសត្វកម្រដែលមាននៅក្នុងប្រទេសកម្ពុជាកុំឲ្យមានការបាត់បង់។
លោកបានបន្តថា រាជរដ្ឋាភិបាលបានកំណត់ជាអាទិភាព សម្រាប់ការស្តាខ្លាធំឡើងវិញនៅឆ្នាំ២០២២ ខាងមុខនេះនៅខេត្តមណ្ឌលគិរី ដើម្បីចូលរួមលើកកំពស់នូវធនធានធម្មជាតិជីវៈចំម្រុះដែលមាន ដោយធ្វើយ៉ាងណារក្សាប្រភេទសត្វនេះឲ្យបានគង់វង្ស។
(សំឡេង)ជាលើកទីមួយហើយដោយសារអង្កការWWF suportនិងវាមានទំហំធំនៅខេត្តមណ្ឌលគិរីនិងជាពិសេសមានការសហការជាមួយមន្ទីរបរិស្ថានក្នុងគោលបំណងយើងប្រារព្ធទៅតាមថ្ងៃឆ្នាំដែលបានកំណត់គឺចង់ឲ្យសាធារណៈជនក៏ដូចជាប្រជាពលរដ្ឋរស់នៅតំបន់ខេត្តមណ្ឌលគិរីក៏ដូចជានៅទូទាំងប្រទេសឲ្យមានការចាប់អារមុ្មណ៍និងការងារអភិរក្សនិងធនធានធម្មជាតិជាពិសេសការជំរុញការស្តារខ្លាធំឡើងវិញនៅដែនជម្រកសត្វព្រៃស្រែពកតែម្តង។
លោកបានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍ទិវាខ្លាធំនោះនឹងមានការ អញ្ជើញចូលរួមពីមន្រ្តីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ហើយផ្សព្វផ្សាយអប់រំឲ្យបានកាន់តែទូលំទូលាយអំពី ច្បាប់ស្តីពីការជួញដូរសត្វព្រៃនិងការចូលរួមអភិរក្សសត្វព្រៃផងដែរ។
សូមបញ្ជាក់ថា នៅទិវាសត្វខ្លាធំឆ្នាំ២០១៩ដែលមានរយៈពេលពីរថ្ងៃ ក៏មានកម្មវិធីរត់ប្រណាំងដើម្បីធម្មជាតិ កម្មវិធីដើរក្បូន និងកម្មវិធីប្រគុំតន្រ្តី ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សសត្វខ្លាធំ៕