ADB នឹងផ្ដល់ជំនួយបច្ចេកទេស សម្រាប់គម្រោងអនុវត្តកិច្ចន៍គាំពារសង្គមនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ —  ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្ដល់ជំនួយបច្ចេកទេសលើការអនុវត្តគម្រោង មូលនិធិ​អភិវឌ្ឍន៍កិច្ចគាំពារសង្គម នៅប្រទេសកម្ពុជា ដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀត ដើម្បីជួយ​អភិវឌ្ឍន៍ប្រទេសមួយចំនួនក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និង​ការគាំពារ​សង្គម។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការងារ លោកស្រី Sri Werning Handayni ប្រធានក្រុមប្រឹក្សាអ្នកជំនាញផ្នែកអភិវឌ្ឍន៍សង្គមស្ដីពី ជំនួយបច្ចេកទេសផ្នែកគាំពារសង្គម របស់ធនាគារ ADB បានលើកឡើងថា មូលនិធិអភិវឌ្ឍន៍​កិច្ចគាំពារសង្គមនេះ គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀតលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជា​ជីវៈ និងការគាំពារសង្គម ដែលADB បាននឹងកំពុងសិក្សានៅតាមប្រទេសចំនួន៦ ក្នុងនោះ​រួមមាន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត កម្ពុជា អ៊ូបេគីស្ថាន និងអាស៊ែបៃហ្សង់។ លោកស្រីបានស្នើសុំមតិយោបល់មួយចំនួនពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ដើម្បីជាគន្លឹះ​ក្នុងការអនុវត្តការសិក្សាលើគម្រោងខាងលើនេះ។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន ស្នើឱ្យ​មានការសិក្សាលើការគាំពារសិទ្ធិ និងការរស់នៅរបស់ជន ងាយរងគ្រោះ ជនចាស់ជរា ជន​មាន​​ពិការភាព កុមារកំព្រាជាដើម។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងទៅកាន់​លោកស្រី​តំណាង ADB ឱ្យមានការគិតគូរលើនិរន្តរភាពហិរញ្ញវត្ថុនៃកិច្ច​គាំពារ​សង្គមនេះផងដែរ។ ឯកឧត្តមក៏បានចាត់ក្រុមការងាររបស់បេឡាជាតិរបបសន្តិសុខសង្គម និងអគ្គនាយកដ្ឋានអប់រំ​បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលធ្វើការងារ​លើវិស័យទាំងនោះស្រាប់ ឱ្យចូលរួមសហការជាមួយក្រុមការងាររបស់ធនាគារ ADB សំដៅ​ធ្វើយ៉ាងណាឱ្យការងារនេះ​ទទួលបានលទ្ធផលល្អ។

លោកស្រី Sri Werning Handayni បានយល់ព្រមទទួលយកអនុសាសន៍ និងសំណើ​ទាំងឡាយរបស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីយកទៅអនុវត្តន៍លើការសិក្សាគម្រោងរបស់ខ្លួន។

សូមបញ្ជាក់ថា ជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ ត្រូវបានអនុវត្តន៍​នៅក្នុងប្រទេសចំនួន៣ រួមមាន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត ហើយប្រទេស​៣បន្ទាប់ ដែលគ្រោងនឹងផ្តល់​ជំនួយបច្ចេកទេសនេះ ដូចជា កម្ពុជា អាស៊ែបៃហ្សង់ និងអ៊ូបេគី​ស្ថាន៕

ដោយ អ៊ុន រិទ្ធី