សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ — សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ​កិច្ចប្រជុំក្រុមការងារអន្តរក្រសួង និងស្ថាប័នទាំង៦ ស្ដីអំពីការប្រយុទ្ធប្រឆាំងអំពើជួញដូរ​មនុស្ស ក្នុងឆមាសទី១ ឆ្នាំ២០១៩។ កិច្ចប្រជុំនេះ ធ្វើឡើង កាលពីព្រឹកថ្ងៃ ទី២៣ កក្កដា ឆ្នាំ២០១៩នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។


យោងតាមរបាយការណ៍អំពីការងារបង្ក្រាប និងសង្គ្រោះជនរងគ្រោះ សម្រាប់ឆមាស​ទី១ ឆ្នាំ២០១៩នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នង​ការដ្ឋាននគរបាលរាជធានី ខេត្តចំនួន១៩ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើ​ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុប៧៨ករណី លើ៦២ករណី កើនឡើង១៦ករណី ស្មើនឹង​២៥ភាគរយធៀបនឹងឆ្នាំ២០១៨។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានពិភាក្សាអំពី​ស្ថានភាព​ទូទៅ លទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមមានការងារច្បាប់ គោលនយោ​បាយ លិខិតបទដ្ឋានគតិយុត្ត និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការបង្ការទប់ស្កាត់ ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ឆ្លើយតបអំពើជួញដូរមនុស្ស ការសន្និដ្ឋាន និងវាយតម្លៃរួម។

ក្នុងរបាយការណ៍បន្តថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូង ចំនួន៩៧នាក់ កើន១២នាក់ ស្មើនឹង១៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពី​ឆ្នាំ២០១៨ ដែរ ដែលក្នុងនោះមានស្ត្រី២២នាក់ អនីតិជន៩នាក់ ជនបរទេស១៤នាក់​មានសញ្ជាតិ​ចិន១២ នាក់ និងអាម៉េរិក២នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចសង្គ្រោះបានជនរងគ្រោះ២៦៣នាក់ កើន១៥៧នាក់ ស្មើនឹង១៤៨ភាគរយ ធៀបនឹងឆ្នាំកន្លងទៅ។ ដោយឡែក ការបង្ការទប់ស្កាត់ ការជួញដូរមនុស្សតាមរូបភាពអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ ក្រសួងការបរទេស និងច្រកចេញ-ចូលតែមួយនៃក្រសួងមហាផ្ទៃដែល ទទួល បន្ទុកការងារអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស បានទទួលពាក្យ និងធ្វើកិច្ច សម្ភាសន៍ពលរដ្ឋខ្មែរ និងជនបរទេស១.០០៩គូ ដែលបានមកដាក់ពាក្យសុំរៀប អាពាហ៍ ពិពាហ៍តាមផ្លូវច្បាប់។ ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរជាមួយជនបរទេសនេះដែរ របាយការណ៍ក៏បានគូសបញ្ជាក់ថាមន្ត្រីជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន បានទំនាក់ទំនង និងសាកសួរព័ត៌មានអំពីនារីខ្មែរ ដែលទៅរស់នៅជាមួយ​ស្វាមីឯក្រៅប្រទេស បាន៧៤នាក់ ដើម្បីតាមដានស្ថានភាព ដែលសង្ស័យថាអាចកើតមានការ​ជួញដូរមនុស្ស តាមរយៈការរៀបអាពាហ៍ពិពាហ៍៕

ដោយ ចាន់ សុធីវង្ស