ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រជុំដកពិសោធន៍ការងារ ត្រៀមបង្ការ និង សង្រ្គោះគ្រោះមហន្តរាយ ជាមួយកងទ័ពជើងគោក នៃកងពលលេខ៧០

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ផន វាសនា

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កងពលលេខ៧០ និងយោធិនគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ទាំងកម្លាំងកាយចិត្ត ព្យាយាម រុករក សហការគ្នាបានយ៉ាងល្អ និងឆ្លើយតបទាន់ពេលវេលា ក្នុងការជួយសង្គ្រោះពេលមានគ្រោះមហ្តរាយ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងរបស់ឯកឧត្តមធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ប្រជុំដកពិសោធការងារ ត្រៀមបង្ការ និង សង្រ្គោះគ្រោះមហន្តរាយ ដែលរៀបចំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាកងពលលេខ៧០ នៅថ្ងៃទី២៣ ខែកក្កដា ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានមានប្រសាសន៍ថា កងសង្រ្គោះបន្ទាន់ និងពន្លត់អគ្គីភ័យ៧១១ នៃកងពលលេខ៧០ ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០០៩ ក្រោមកិច្ចសហការរវាងកងពល និងអង្គការសង្គ្រោះផ្នែកវិជ្ជសាស្រ្តជប៉ុនដែលហៅកាត់ថា “JPR ” នៃទីក្រុងកូបេ ប្រទេសជប៉ុន ក្នុងគោលបំណងពង្រឹងសមត្ថភាពសង្រ្គោះគ្រោះមហន្តរាយ។ ជាក់ស្តែងក្នុងរយៈពេលន្លងមក កងសង្រ្គោះបន្ទាន់ និងកងពន្លត់អគ្គីភ័យ នៃកងពលលេខ៧០បានចេញអន្តរាគមន៍សង្គ្រោះសរុបចំនួន១,៧០១លើក ក្នុងនោះសង្រ្គោះជនរងគ្រោះបានចំនួន១,៦៦៨លើក និងបានចូលរួមក្នុងប្រតិបត្តការ រុករក និងសង្រោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារកំពស់៧ជាន់នៅក្រុងព្រះសីហនុផងដែរ៕