ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ជំរុញឲ្យអាជ្ញាធរបង្កើនការត្រៀមលក្ខណៈ ជួយសង្គ្រោះប្រជាពរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ អោយទាន់ពេលវេលា

វិទ្យុជាតិកម្ពុជា៖ដោយលោកស្រី ផន វាសនា និង លោក ចន ណារិទ្ឋ ៖ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុក បេសកកម្មពិសេសនិង ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញដល់អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងអង្គការ ដៃគូអភិវឌ្ឍន៏នានា ធ្វើបច្ចុប្បន្នភាពផែនការ ត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នសម្រាប់ខេត្តរបស់ខ្លួនក្នុងឆ្នាំ២០១៩នេះ។


ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ ការងារត្រៀមបង្ការ និងសង្រ្គោះគ្រោះមហន្តរាយរយៈពេល៦ខែដើមឆ្នាំ នៅសាលាខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី ២២ ខែកក្កដា ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានជុំរុញអោយបន្តពង្រឹងសមត្ថភាព មន្ត្រីថ្នាក់ក្រោមជាតិលើការងារបច្ចេកទេស ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានាទាន់ពេលវេលាតាមរយៈការប្រើប្រាស់ ប្រព័ន្ធលេខ១២៩៤(ដប់ពីកៅបួន)ដែលជាសេវាមិនគិតថវិកាតាមប្រព័ន្ធសេវាទូរស័ព្ទដូចជា ប្រព័ន្ធមូប៊ីថែ ស្មាត មិត្តហ្វូនសម្រាប់ផ្ដល់ព៍ត៌មានជាមុន ពេលមានគ្រោះមហន្តរាយកើតឡើងចាប់ពីថ្នាក់ខេត្ត ស្រុក ក្រុងនិងរហូតដល់ឃុំភូមិ សហគមន៏ ។ឯកឧត្តម បន្ថែមថា ដើម្បីឆ្លើយតបទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយផ្សេងៗកើតឡើង គណៈកម្មាធិការគ្រោះមហន្តរាយ ខេត្ត ក្រុង ស្រុក ត្រូវយកចិត្តទុកដាក់លើមុខសញ្ញារងគ្រោះដូចជា កុមារតូចៗ ចាស់ជរា ជនពិការជាដើម ក្នុងការត្រៀមជួយសង្គ្រោះនិងរកទីទួលសុវត្តិភាពជូនប្រជាពលរដ្ឋរងគ្រោះ។ ក្នុងឱកាសនោះ ឯកឧត្តម បានណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម និង មន្រ្ដីពាក់ព័ន្ធធ្វើរបាយការណ៍ពីផលប៉ះពាល់ និងតម្រូវការប្រជាពលរដ្ឋឲ្យបានច្បាស់ ដើម្បីងាយស្រួលក្រសួងស្ថាប័នជំនាញចាត់វិធានការជួយប្រជាពលរដ្ឋ និង ត្រូវតាមដានជាប់ជាប្រចាំនូវស្ថានភាពគ្រោះមហន្តរាយធម្មជាតិ ហើយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ និងត្រៀមលក្ខណៈជាមុន ដូចជា ការការពារទឹកជំនន់ បញ្ហាសុខភាព និងគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ។


តាមរបាយការណ៍របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត បានឲ្យដឹងថា បណ្តាផ្នែកពាក់ព័ន្ធក្នុងខេត្តកំពង់ចាម ទាំងមូលបានយកចិត្តទុកដាក់ខ្ពស់ និងជាប្រចាំក្នុងការពិនិត្យ តាមដានស្ថានភាពទឹកជំនន់ ការត្រៀមបង្ការ និង សង្គ្រោះគ្រោះមហន្តរាយផ្សេងៗនៅទូទាំខេត្តដើម្បីបញ្ចៀសការខូចខាតធ្ងន់ធ្ងរ។គ្រោះមហន្តរាយ កន្លងមកបានបង្កផលប៉ះពាល់ដល់ក្រុង ស្រុក ចំនួន៦ បង្ករដោយ ខ្យល់កន្រ្ទាក់ និងគ្រោះអគ្គីភ័យ ។ក្នុងនោះមានស្រុកចំនួន១ដែលជាបញ្ហាប្រឈមរបស់ខេត្តគឺករណីបាក់ស្រុតច្រាំងទន្លេ បង្កឲ្យមានការបាក់១៩កន្លែង ប្រវែង៣៣,៨៤២ ម៉ែត្រ ដែលប្រឈមនិងការរុះរើរផ្ទះប្រជាពលរដ្ឋចំនួន ៥៥២ខ្នង និងសាលាឃុំ១កន្លែង៕