ក្រសួងការបរទេស៖ ប្រមុខបេសកជនអាម៉េរិកប្រចាំនៅអាហ្គានីស្ថាន និងកាតា  នឹងចូលរួមសម្របសម្រួលដំណើរការសន្តិភាព 

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ — ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា លោក Zalmay Khalilzad តំណាង​ពិសេស អាម៉េរិកសម្រាប់​អាហ្វហ្គានីស្ថាន នឹងធ្វើដំណើរទៅអាហ្វហ្គានីស្ថាន និងកាតា ចាប់​ពី​ថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ដើម្បីសម្របសម្រួលដំណើរការសន្តិភាពរបស់​អាហ្វហ្គានីស្ថាន។

សេចក្តីថ្លែងការណ៍បាននិយាយថា លោក   Khalilzad នឹងពិគ្រោះយោបល់ជាមួយ​រដ្ឋាភិ​បាល  អាហ្វហ្គានីស្ថានលើជំហានបន្ទាប់នៅក្នុងដំណើរការសន្តិភាព បន្ថែមលើការកំណត់ក្រុម​កិច្ច​ចរ​ចា​​ថ្នាក់ជាតិដែលអាចចូលរួមក្នុងកិច្ចចរចានៅក្នុងអាហ្វហ្គានីស្ថាន។ នៅក្នុងទីក្រុងដូហា​ ការ​ចេញ​ផ្សាយនេះបានបន្ថែមទៀតថា លោកZhalilzad នឹងបន្តធ្វើកិច្ចចរចាជាមួយ​ពួកតា​លី​បង់។

នៅថ្ងៃនេះប្រធានាធិបតីអាម៉េរិកលោក Donald Trump បានទទួលគណៈប្រតិភូប៉ាគី​ស្ថានដឹកនាំដោយនាយករដ្ឋមន្រ្តីលោក Imran Khan ដើម្បីពិភាក្សា​អំពី​ការជំរុញ​ទំនាក់ទំនង​ទ្វេ​ភាគី​ឡើងវិញ នឹងស្វែងរកជំនួយពីទីក្រុងអ៊ិស្លាម៉ាបាដ ដើម្បីបញ្ចុះបញ្ចូលពួកតាលីបង់ ក្នុងការឈានទៅដល់ដំណោះស្រាយនយោបាយមួយ​ជាមួយ​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានសេតវិមានមួយ បន្ទាប់ពីមេដឹកនាំទាំងពីរបានជួប​ពិភាក្សា​គ្នាដោយនិយាយថា លោកប្រធានាធិបតីចង់ពង្រឹងទំនាក់ទំនងយោធាទ្វេភាគី។

ប្រទេសអាហ្វហ្គានីស្ថានកំពុងទទួលរងនូវស្ថានការណ៍នយោបាយ សង្គម និង​សន្តិសុខ​​ដែលមិនស្ថិតស្ថេរ ដោយសារសកម្មភាពរបស់ចលនាតាលីបង់ និងក្រុមភេរវជន​ដាស៊ី។ ប្រទេសប៉ាគីស្ថានចែករំលែកព្រំដែនជាមួយ Kandahar ដែលជាខេត្តមួយដែលមាន​ភាពចលាចលបំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយមានប្រជាជនរស់នៅច្រើន ជាមួយ​ពួក​សកម្មប្រយុទ្ធតាលីបង់។

ខណៈពេលដែលកងកម្លាំងការពារជាតិ និងសន្តិសុខអាហ្វហ្គានីស្ថាន កំពុងធ្វើប្រតិ​បត្តិការវាយលុករួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅទូទាំងប្រទេស ទីក្រុងកាប៊ុល និងពួកតាលីបាននឹងកំពុងព្យាយាមបើកកិច្ចចរចារផ្សះផ្សាគ្នា៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)