ក្រសួងធនធានទឹក ប្រកាសថាស្ថានភាពអាកាសធាតុនឹងមានភាពប្រសេីរឡើងវិញនៅចុងខែកក្កដានេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អាត​ ចន្ធូ​៖

ក្រសួងធនធានទឹក អះអាងថាស្ថានភាពអាកាសធាតុនឹងមានភាពល្អប្រសើរឡើងវិញនៅចុងខែកក្កដានេះ ខណៈបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ មានសភាពធូរស្រាលជាងមុន។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញផ្សាយនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២៣ រហូតដល់ថ្ងៃទី ២៩ ខែកក្កដា នេះ ស្ថានភាពអាកាសធាតុនឹងមានភាពវិជ្ជមានឡើងវិញ ដែលបង្កឲ្យភ្លៀងនឹងបន្តធ្លាក់បានល្អ ក្នុងកម្រិតពី មធ្យមទៅច្រើន និងរាយប៉ាយ បានប្រសើរ ខណៈបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ មានសភាពធូរស្រាលជាងមុន។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា នៅតាមជ្រលងសម្ពាធទាប ដែលកន្លងមក ស្ថិតនៅភាគខាងលើកម្ពុជា បច្ចុប្បន្នបានរំកិល ចុះមកក្រោមទន្ទឹម នឹងខ្យល់មូសុងនិរតី បាននិងកំពុង មានឥទ្ធិពល ក្នុងកម្រិតមធ្យម លក្ខណៈបែបនេះ ធ្វើឲ្យស្ថានភាពអាកាសធាតុនឹងមានភាពវិជ្ជមានឡើងវិញដោយ នៅតាមបណ្តាខេត្តភាគ ខាងលើ ភ្លៀងនឹងធ្លាក់បានល្អ ក្នុងកម្រិតពីមធ្យមទៅ
ច្រើន និងមានភាពរាយប៉ាយ បានប្រសើរឡើងផងដែរ។ ដោយឡែកចំពោះតាមបណ្តាខេត្ត និងរាជធានីនៅទំនាប កណ្តាលភាគខាងក្រោម និងមានភ្លៀងក្នុងកម្រិត ពីតិចទៅបង្គួរ។
ចំពោះបណ្តាខេត្តជាប់សមុទ្រ នឹងអាចមានភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យម ដូច្នេះសូមសាធារណជន មានការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ទោះបីជាមានសភាពធូរស្រាល ជាងមុនហើយក៏ដោយ៕