អភិបាលខេត្តនាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៥ ក្នុងក្រុងព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០១៩  -ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការអង្គភាពជុំវិញខេត្ត បាននាំយកទេយ្យទាន និងទៀនព្រះវស្សា មកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៥ ក្នុងក្រុងព្រះវិហារ កាលពីព្រឹកថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក  ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៩ នៅក្នុង​វត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល ស្ថិតក្នុងភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
​​​​ឯកឧត្តម ប្រាក់ សុវណ្ណ មានប្រសាសន៍ថា ដោយសារប្រទេសមានសុខសន្តិភាព មាន ស្ថិរភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយបច្ចុប្បន្ននេះវិស័យព្រះពុទ្ធសាសនាក៏កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ គឺទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ហើយប្រជាពលរដ្ឋមានសិទ្ធិគ្រប់បែបយ៉ាង ក្នុងការប្រកបអាចីពរកម្ម រកទទួលទានធ្វើឱ្យចីពរភាពគ្រួសារប្រសើរឡើងទៀតផង ។

ឯកឧត្តមបន្តថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមួយដែលចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ មានរយៈពេល៣ខែ ដែលបងប្អូនខ្មែរយើងគោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា ។ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំអស់ត្រូវមើលថែរក្សាដល់កូនចៅតូចៗកុំឱ្យមានការគ្រោះថ្នាក់ ព្រោះថារដូវនេះជារដូវភ្លៀងធ្លាក់វានឹងងាយកើតជំងឺដល់ក្មេងៗជាពិសេសជំងឺគ្រុនឈាមតែម្ដង ត្រូវចេះអនាម័យដោយរស់នៅស្អាត ផឹកស្អាត ហូបស្អាតជានិច្ច ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ស្ថាប័នមានសមត្ថកិច្ច ធ្វើយ៉ាងណាត្រូវសហការគ្នាដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានដូចជាបទល្មើសព្រៃឈើ បទល្មើសរុករករ៉ែខុសច្បាប់ ជួញដូរសត្វព្រៃ ជួញដូរគ្រឿងញៀន ជាពិសេសធនធានធម្មជាតិតែម្ដងត្រូវតែបង្ក្រាបឱ្យខានតែបាន ហើយយើងទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នាផងដែរ ។

ក្នុងវត្តនីមួយៗទទួលបាន មានទៀនព្រះវស្សាចំនួន១គូ អង្ករ២បេ មី២កេស ទឹកបរិសុទ្ធ២​កេស និងស្បង់ចីពរចំនួន១ ក្រណាត់ស និង ថវិកា១០ម៉ឺនរៀល ។ ឧបាសិកា ប៊ុន សៀងលី ត្រូវជាម្តាយសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកបច្ច័យចំនួន ២ម៉ឺនដុល្លារអាម៉េរិក សម្រាប់ជួយសាងសង់ព្រះវិហារវត្តព្រះពុទ្ធមានជ័យផងដែរ ។

សូមបញ្ជាក់ថា​ នៅទូទាំងខេត្តព្រះវិហារមានវត្តទាំងអស់ចំនួន ១០៥វត្ត ហើយវត្តចំនួន១០០ទៀត ត្រូវបានក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តបាននាំយកទេយ្យទាន និងទៀនព្រះវស្សា មកប្រគេនព្រះសង្ឃគង់ចាំព្រហវស្សា រួចហើយ ៕

ដោយ ទិត ស្រ៊