មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញឲ្យមន្រ្តីរបស់ខ្លួន ចូលរួមប្រយុទ្ធប្រឆំាងគ្រឿងញៀន នៅតាមសហគមន៍

វិទ្យុជាតិកម្ពុជា៖ អត្ថបទ យី វិច្ឆិកា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានជំរុញឲ្យមន្រ្តីរបស់ខ្លួនចូលរួមប្រយុទ្ធប្រឆំាងគ្រឿងញៀននៅ តាមសហគមន៍ ដើម្បីរួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀនឲ្យអស់ ចេញពីសង្គមកម្ពុជា។

ក្រសួងបរិស្ថាន បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ធ្វើការផ្សព្វផ្សាយពីយុទ្ធនាការនានា ពាក់ព័ន្ធជាមួយបញ្ហា លុបបំបាត់បញ្ហាគ្រឿងញៀនដល់មន្រ្តីនៃមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ដើម្បីរួមសហការគ្នាដោះស្រាយបញ្ហាគ្រឿងញៀននៅ ក្នុងប្រទេសកម្ពុជា។

ឯកឧត្ដមបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានណែនាំដល់មន្រ្តីរបស់ខ្លួន ចូលរួមអប់រំដល់កូនចៅនៅក្នុងសហគមន៍ អោយនៅឆ្ងាយពីគ្រឿងញៀនពិសេសត្រូវហ៊ានរាយការណ៍ទៅកាន់សមត្ថកិច្ចជាបន្ទាន់ នៅពេលឃើញមានករណីជួញដូរ និងសេពគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថាក្រសួងបរិស្ថានដែលជាសមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានយកចិត្តទុកដាក់ទទួលខុសត្រូវ ចូលរួមអនុវត្ត នូវយុទ្ធសាស្រ្តពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជ រដ្ឋាភិបាលបង្កើតឲ្យមានគណកម្មការប្រយុទ្ធប្រឆាំងគ្រឿង​ញៀន និងគណកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នៅក្រសួងបរិស្ថាន ។

លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញា ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញ្ញៀន បានមាន​ប្រសាសន៍​ថា ការអប់រំផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន គឺជាការងារអាទិភាពដែលទាំងអស់គ្នា ត្រូវបន្តយកចិត្ត​ទុកដាក់ផ្សព្វផ្សាយដើម្បីយល់ដឹងពីបញ្ហាគ្រឿងញៀននេះ ដល់បុគ្គលិក មន្រ្តីរាជការ ឧទ្យានុរក្ស សម្រាប់បង្ការខ្លួន​គាត់ក្រុមគ្រួសារគាត់ កុំឲ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន ដើម្បីឲ្យសង្គមមានសុវត្ថិភាព។

លោកបានស្នើសុំឲ្យក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយអប់រំនេះ ឲ្យបានជាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីឲ្យសង្គមកម្ពុជា ជាសង្គមដែលគ្មានគ្រឿងញៀន ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាននឹងបើកយុទ្ធនាការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន ក្នុងវិស័យបរិស្ថាន ឲ្យបានទូទាំង២៥រាជធានី ខេត្ត និងក្រុមគោលដៅ ដែលងាយប្រឈមមុខដើម្បីបង្កើនប្រសិទ្ធភាព ដោះស្រាយបញ្ហាគ្រឿងញៀន នៅតាមសហគមន៍៕