ក្រសួងទេសចរណ៍ជំរុញឲ្យអាជ្ញាធរខេត្តកំពតត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យសមុទ្រលើកទី៨ឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

កំពត៖ ក្រសួងទេសចរណ៍ជំរុញឲ្យអាជ្ញាធរខេត្តកំពតពង្រឹងសេវាកម្មទេសចរណ៍ និងរចនាសម្ព័ន្ធក្នុងខេត្តឲ្យបានល្អដើម្បីទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យសមុទ្រលើកទី៨ជុំទី២  នាថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តកំពត ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងយកខេត្តកំពត ជាខេត្តគំរូក្នុងការរៀបចំឱ្យមាន «វិថីម្ហូបអាហារ ឬហៅថា Street Food» ឱ្យបានលេចធ្លោរឡើង។ ជំរុញឱ្យមានការផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានានៅខេត្តកំពតឱ្យបានទូលំទូលាយ ពិសេសរមណីយដ្ឋានឋានសួគ៌បូកគោ តំបន់កសិទេសចរណ៍កូនសត្វ ចម្ការម្រេច និងផលិផលម្រេចកំពត ភ្នំកំពង់ត្រាច រមណីយដ្ឋានទឹកឈូ និងរមណីយដ្ឋានទេសចរណ៍ជាច្រើនទៀត។

ឯកឧត្តមបន្តថា អាជ្ញាធរខេត្តកំពតត្រូវត្រៀមរៀបចំពិព័រណ៍ផលិតផល​​ក្នុងស្រុក ដែលជាផលិតផលកសិកម្មនាំចេញនៅនឹងកន្លែង ដូចជា ធូរេន ចេក សាវម៉ាវ ដូង ស្រកានាគជាដើម។ ត្រូវត្រៀមរៀបចំព្រឹត្តិការណ៍សិល្បៈ ទស្សនីយភាព របាំ តន្ត្រី និងត្រូវអញ្ជើញក្រុមសិល្បៈរបស់ប្រទេសជិតខាង និងខេត្តដែលជាសម្ពន្ធមេត្រីរបស់ខេត្តកំពត ឱ្យចូលរួមក្នុងព្រឹត្តិការណ៍ខាងមុខនោះ។ គប្បីរៀបចំឆ្នេរខ្សាច់ថ្មីទៀត ដើម្បីបង្កើតជាផលិតផលទេសចរណ៍ទាក់ទាញបន្ថែម។

 

ជាមួយគ្នានោះឯកឧត្តមបានស្នើឱ្យក្រុមហ៊ុនសុខាបូកគោ គប្បីរៀបចំព្រឹត្តិការណ៍កម្សាន្តផ្សេងៗតាមដែលអាចធ្វើទៅបាន ដើម្បីរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរបន្ថែមក្នុងព្រឹត្តិការណ៍ធំនេះ ដូចជាព្រឹត្តិការណ៍ដើរកម្សាន្តក្នុងព្រៃ រត់ម៉ារ៉ាតុន ប្រណាំងកង់ ប្រណាំងទូក និងទស្សនាកម្សាន្តនៅតាមតំបន់ទាក់ទាញមួយចំនួនទៀតនៅលើភ្នំបូកគោ។

ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រឱ្យមានព្រឹត្តិការណ៍កីឡាឱ្យបានច្រើន ពិសេសប្រភេទកីឡាដែលនឹងត្រូវដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេម មកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដូចជា ជិះកង់ រត់ប្រណាំង កីឡាលើទឹក លើឆ្នេរ និងលើគោក។ម៉្យាងវិញទៀតឯកឧត្តមបានជំរុញឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្ម អនាម័យចំណីអាហារ ត្រូវបានបដិសណ្ឋារកិច្ចល្អ ត្រូវមានឯកសណ្ឋានឱ្យបានត្រឹមត្រូវ និងត្រូវមានការលើកទឹកចិត្តចំពោះមូលដ្ឋានអាជីវកម្មណា ដែលអនុវត្តបានត្រឹមត្រូវតាមនីតិវិធីនៃការត្រួតពិនិត្យ វាយតម្លៃរបស់ក្រសួងទេសចរណ៍។ចំពោះការងារពាក់ព័ន្ធនឹងសហគមន៍ទេសចរណ៍ និងរមណីយដ្ឋាននានានៅខេត្តកំពត កែប និងខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់លើការពង្រឹងគុណភាពសេវាកម្ម អនាម័យចំណីអាហារ សុវត្ថិភាពភ្ញៀវទេសចរ ពិសេសត្រូវផ្សព្វផ្សាយឱ្យបានឆាប់រហ័ស អំពីកញ្ចប់ទស្សនកិច្ចទេសចរណ៍មកកាន់ខេត្តកំពត និងតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជាទាំងមូល តាមរយៈកម្មវិធីនៅលើទូរស័ព្ទវៃឆ្លាត (Mobile App)

 ត្រូវរៀបចំការតុបតែងលម្អឱ្យមានសោភ័ណភាពល្អ ពិសេសគឺការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ធ្វើឱ្យយ៉ាងណាឱ្យទូទាំងខេត្ត និងក្រុងកំពតមានភាពស្អាត និងត្រូវមានបង្គន់អនាម័យឱ្យបានគ្រប់គ្រាន់ ត្រូវធ្វើឱ្យមានការប្រែប្រួលគួរជាទីមោទនៈ។ រីឯបង្គន់អនាម័យ និងបន្ទប់ទឹកនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ស្ថានីយប្រេងឥន្ទនៈ ទីសាធារណៈទៀតសោត ក៏ត្រូវតែស្អាតជានិច្ច។

ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត មានប្រសាសន៍ អាជ្ញាធរខេត្ត នឹងអនុវត្តតាមតាមការណែនាំ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំប្រចាំឆ្នាំនេះ ប្រកបដោយភាពជោគជ័យ និងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានច្រើន៕