កូរ៉េនឹងជួយលើកកម្ពស់ជំនាញបច្ចេកទេសដល់ពលករកម្ពុជា

វិទ្យុជាតិកម្ពុជាអត្ថបទ៖លោក ជួន បូណា

ភ្នំពេញ៖រដ្ឋាភិបាលកូរ៉េនឹងជួយលើកកម្ពស់ជំនាញបច្ចេកទេសដល់ពលករកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យពលករកម្ពុជាមានជំនាញច្បាស់លាស់សម្រាប់ចូលរួមអភិវឌ្ឍន៍សង្គមនៅកម្ពុជាវិញ។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ ស្តីពីប្រព័ន្ធអនុគ្រោះការងារ(EPS)នៅទីស្តីការក្រសួង ឯកឧត្តម KIM DONG MAN ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េបានលើកឡើងថា ភាគីកូរ៉េនឹងផ្តល់ជូនអ្នកបច្ចេកទេស ដើម្បីបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាដល់ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េឲ្យទទួលបាននូវជំនាញសំខាន់ៗ ផ្នែកបច្ចេកវិទ្យានេះកាន់តែប្រសើរ ហើយនៅពេលពួកគេត្រឡប់មកស្រុកកំណើតវិញនឹងមានជំនាញមួយច្បាស់លាស់ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

ឯកឧត្តមបន្ដថា សាធារណកូរ៉េ នឹងបន្តបង្កើនកូតាសម្រាប់ពលករកម្ពុជាបន្ថែមទៀត ដោយមើលឃើញពីអត្តចរិតស្លូតបូតឧស្សាហ៍ព្យាយាមរបស់ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅ សាធារណរដ្ឋកូរ៉េ និងកិច្ចសហការល្អរវាងប្រទេសទាំងពីរ ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យនៃការបញ្ជូនពលករនេះ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។

ឯកឧត្តម អ៊ិត សំហេង បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ HRD-KOREA ដែលបន្តជួយជ្រើសរើសកម្លាំងពលកម្មបរទេស ជាពិសេសបងប្អូនពលករ-ពលការិនីកម្ពុជា។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីសង្ឃឹមថា ក្នុងអាណត្តិការងាររបស់ ឯកឧត្តមបណ្ឌិត KIM DONG MAN ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ រយៈពេល ៣ឆ្នាំនេះ នឹងកាន់តែធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូលពលករទៅបរទេសនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ(MTOSB)និងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ(HRD-KOREA)កាន់តែប្រសើរឡើងបន្តទៀត។

សូមបញ្ជាក់ថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤ សម្រាប់រយៈពេលនៃការបញ្ជូនពលករទៅកាន់ប្រទេសកូរ៉េ តែបើធៀបជាមួយប្រទេសធំៗវិញ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ដែលបានបញ្ជូនពលករច្រើនជាងគេក្នុងចំណោម ១៦ប្រទេសក្នុងឆ្នាំ២០១៩នេះ ៕